header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដូចជាការគ្រោងទុក រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀត។

រដ្ឋសភា បានបើកសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេងនាយករដ្ឋមន្ត្រីស្តីទី និងសមាជិករដ្ឋសភា​ទាំងអស់១១៥រូប។

របៀបវារៈដែលនឹងពិភាក្សានៅក្នុងសម័យប្រជុំរួម​មាន ៖

ទី១- សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

ទី២- សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧។

ទី៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ៖ - កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ - កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ទី៤- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសិន្ធិសញ្ញា ស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

សូមជម្រាបថា បើតាមច្បាប់ថវិកាជាតិឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិចំនួន ២៧ ១៦៤ ៩៩៦ លានរៀល ស្មើនឹង២៤,៧២%នៃ ផសស និងមានកំណើន ១១,៤% ធៀបនឹងច្បាប់ឆ្នាំ២០១៨ ខណៈចំណូលថវិកាជាតិមានចំនួន ២១ ១៨៦ ២២៨ លានរៀល ស្មើនឹង១៩,២៨%នៃ ផសស និងមានកំណើន ១៤,០% បើធៀបនឹង ច្បាប់ឆ្នាំ២០១៨។

យោង​តាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ជាលទ្ធផលអតិរេកថវិកាចរន្ត អាចរក្សាបាន ក្នុងកម្រិតប្រមាណ ២,៨១%នៃ ផសស នៅឆ្នាំ២០១៩ និងមានឱនភាពថវិកាសរុប ស្មើនឹង-៥,៤៤% ផសស ស្របតាមគោលនយោបាយ ពង្រឹងការគ្រប់គ្រងថវិកា(Fiscal Consolidation)។

ឱនភាពនេះ ត្រូវបានបំពេញបន្ថែម ដោយហិរញ្ញប្បទាន ក្រៅប្រទេសក្នុងទំហំ ៤,៨៤%នៃ ផសស ,មូលនិធិទ្រទ្រង់ថវិកាប្រមាណ ០,២៣% នៃ ផសស និងប្រាក់បញ្ញើរាជរដ្ឋាភិបាលក្នុងទំហំ ០,៣៧% នៃ ផសស ស្មើនឹង៤០៥ ០០០លានរៀល ឬសមមូលនឹង ១០០លានដុល្លារអាមេរិក ដែលត្រូវបានគ្រោងយកមកប្រើប្រាស់សម្រាប់ផ្ដល់ទុកដល់ការបង្កើតធនាគារ សហគ្រាសធុនតូច និងធម្យម (SMEs Bank) របស់រដ្ឋ។

ដូច្នេះ បើមិនគិតអំពីតម្រូវការទុន សម្រាប់បង្កើតធនាគារធុនតូច និងមធ្យមនេះទេ គឺថវិកាឆ្នាំ២០១៩ មានតុល្យភាព ដោយមិនចាំបាច់ប្រើប្រាក់បញ្ញើ ឬហៅថា “ប្រាក់សន្សំ” របស់រាជរដ្ឋាភិបាលនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post