header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសចិត្តព្រះវេស្សន្ត ព្រោះតែអាណិតកូន ទើបចិត្តមិនដាច់ ទោះជាដឹងច្បាស់ថាប្រពន្ធលួចមាន​ទំនាក់ទំនង​ជាមួយ​បុរស​សាហាយ តាម​ Facebook​ ហើយប្រពន្ធបាន​សុំឲ្យ​មក​រស់នៅ​ជាមួយ​ ដំបូងឡើយបុរសជាប្ដីមិនព្រម​ លុះ​ប្រពន្ធ​​នៅ​តែ​អង្វរកច្រើន​ដង​ពេក​ ហើយ​ថែម​ទាំងប្រាប់​ថា​ ធ្លាប់បាន​ស៊ីជម្រៅ​ជាមួយ​គ្នា ពីរ​បី​ដង​រួច​មក​ហើយ​ក៏ដោយ ក៏បុរសជាប្ដី​ទ្រាំខាំមាត់​ សង្កត់ចិត្តប្រៀបដូច​ព្រះវេស្សន្ត ព្រោះ​ប្រពន្ធ​ចេះ​តែ​អង្វរ​សុំ​ឲ្យមករស់នៅ​​​ជាមួយតែឲ្យនៅ​ខាង​មុខ​ផ្ទះបានហើយ​ ​ដោយសុំទុក​ជាបង​ប្អូន​ទេ ព្រោះ​បុរស​ជា​សាហាយ​បាក់​ចិត្ត​ស្រឡាញ់ខ្លាំង​ពេក​។ រហូតធ្វើឲ្យបុរសចិត្ត​ព្រះវេស្សន្តដែលជាប្តី​ ព្រម​ឲ្យ​មក​រស់​នៅ​ជាមួយ​ បាន​២ថ្ងៃ​២យប់​ លុះថ្ងៃ​កើត​ហេតុ​ខាង​លើ​ ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ មិន​នៅ​ដេក​ជាមួយ​គាត់​ បែរ​ជា​ទៅ​ដេក​ជាមួយ​សាហាយ​ស្មន់​ទៅ​វិញ​ ទោះជា​ព្រះវេស្សន្ត​ក៏អត់ទ្រាំមិនបានទៀតដែរ លុះប្តី​ខឹង​​ប្តឹង​សមត្ថកិច្ច​ ឃាត់ខ្លួន​ភ្លាមៗ​ បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​​។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​២៖៣០នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅផ្ទះជួលមួយកន្លែងក្នុងភូមិ​ដំណាក់​ត្រយឹង​ សង្កាត់​ចោម​ចៅ​ទី២ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រី​ជាប្រពន្ធមាន​ឈ្មោះ​ ទ.ស.ណ.រ ​​អាយុ​៣៧ឆ្នាំ​ មុខរបរ​ កម្មការិនី​រោងចក្រ​។ មានប្តី​ឈ្មោះ​ ន.ស.វ អាយុ​៣៩ឆ្នាំ ​មុខរបរ​ កម្មក​ររោង​ចក្រ​។ បានកូន៣ហើយមិន​ស្កប់​ បានសុំ​ប្តី​នាំ​ប្រុសសាហាយ​មានឈ្មោះ​ ហ.គ ​អាយុ​៣៤ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ប្តី​ បាន​និយាយ​ប្រាប់ថា​ គាត់មានប្រពន្ធ២លើកមកហើយ ដោយលើកដំបូងគាត់បានការត្រឹមត្រូវហើយពុំបានទំនាក់ទំនង និងប៉ះពាល់នារីជាប្រពន្ធដើមបន្តិចនោះឡើយ ដោយប្រពន្ធគាត់ទី១​រត់ទៅ​នៅ​ជាមួយ​ប្រុស​បាត់​។ លុះបានប្រពន្ធក្រោយ មិនបានរៀបការត្រឹមត្រូវទេ ប៉ុន្តែបានទំនាក់ទំនងស្រឡាញ់​គ្នា​ បាន​ប្រមាណ​១៦ឆ្នាំ​ហើយ​ នឹងមាន​កូន​៣នាក់​ផង​ដែរ​ ព្រម​ទាំង​បាន​ចុះ​អាតាស៊ីវិល​រួចទៅហើយ​ តែ​ប្រពន្ធ​គាត់​បានហែក​ចោល​បាត់ទៅ។

មុនពេល​កើតហេតុ​ ប្រមាណ​ជាង​២ខែ​មុន​ ប្រពន្ធ​និយាយ​រឿង​ប្រាប់​ប្តី​ថា​ រូបគាត់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ខាង​លើ​ តាម​ Facebook​ បាន​សុំ​រស់នៅ​ជាមួយ​ តែ​ប្តី​មិន​ព្រម​ លុះ​ប្រពន្ធ​គាត់​នៅ​តែ​អង្វរដដែលច្រើន​ដង​ពេក​ ហើយ​ថែម​ប្រាប់​ការ​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​គ្នា​ ធ្លាប់បាន​ពីរ​បី​ដង​រួច​មក​ហើយ​ផង​ដែរ​។ ពេល​នោះ​ប្រពន្ធ​របស់​គាត់ចេះ​តែ​អង្វរ​សុំ​រស់នៅ​ជា​ទំនាក់ទំនង​ជាបង​ប្អូន​ទេ​ ដោយ​ឲ្យ​នៅ​ខាង​មុខ​ផ្ទះ​ ​ព្រោះ​បុរស​ជា​សាហាយ​បាក់​ចិត្ត​ស្រឡាញ់​ពេក​។

រហូត​ប្តី​បាន​ឲ្យ​មក​រស់​នៅ​ជាមួយ​បាន​២ថ្ងៃ​២យប់​ ថ្ងៃ​កើត​ហេតុ​ខាង​លើ​ ស្រាប់​តែ​ប្រពន្ធ​របស់​គាត់​ មិន​ទៅ​ដេក​ជាមួយ​គាត់​ បែរ​ជា​ទៅ​ដេក​ជាមួយ​សាហាយ​ស្មន់​ទៅ​វិញ​។ បន្ទាប់​មក​គាត់​តេ​ប្តឹង​សមត្ថកិច្ច​ឲ្យជួយ​អន្តរាគមន៍​ឃាត់​ប្រពន្ធ​ នឹង​បុរសសាហាយ​ស្មន់​នោះ យក​ទៅ​សាក​សួរ​ភ្លាម​ៗ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ទោះបី​ដឹង​ប្រពន្ធមានទំនាក់ទំនងជាមួយប្រុសផ្សេងក៏ដោយ នៅតែចិត្តមិនដាច់អាណិតកូននៅសិក្សា​ ដំបូង​ឡើយ​ថា ​ទាមទារ​សំណង​ក្នុង​មួយ​នាក់​ ចំនួន​៣ម៉ឺន​ដុល្លារ​ ដើម្បី​សង​ជំងឺ​ផ្លូវ​ចិត្ត​ តែចុង​ក្រោយ​ គាត់​នឹង​ដក​ពាក្យ​បណ្ដឹង​វិញ​ គ្រាន់​តែ​ឲ្យ​បុរស​ជា​សាហាយ​ បែក​ចេញ​ពី​គ្រួសារ​របស់​គាត់​ ព្រម​ទាំង​ឲ្យ​ប្រពន្ធ​របស់​គាត់​ ធ្វើ​កិច្ច​សន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ជួយ​ដឹងឭ​។

ក្រោយពេលកើតហេតុ​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចោមចៅ​ទី២​ បាន​បញ្ជូន​ស្រ្ដី​ជាប្រពន្ធ​ និងសាហាយ​ស្មន់​ ទៅ​កាន់សមត្ថកិច្ចជំនាញ​ខណ្ឌពោធិ៍សែនជ័យ​ ដើម្បី​រង់ចាំ​ភាគី​ជា​ប្តី​ ដក​ពាក្យ​បណ្ដឹង​វិញ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post