
ភ្នំពេញៈ សាកសពមនុស្សសល់តែគ្រោងឆ្អឹង ដោយមានសភាពរុំស្កុតបិតជិត ច្រកក្នុងការ៉ុង ហើយគេយកបោះចោលក្នុងដីឡូតិ៍មួយកន្លែង ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះ ប្រទះឃើញ ទើបមានការភ្ញាក់ផ្អើល រួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍មួយកន្លែង តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋជាកម្មករសំណង់ បានប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំងពីរនាក់ បានជិះម៉ូតូចូលមកក្នុងដីឡូតិ៍ខាងលើ ដើម្បីបត់ជើងតូច ខណៈកំពុងបត់ជើងតូច ក៏បានប្រទះឃើញគ្រោងឆ្អឹងនៅក្នុងការ៉ុងមួយ ដោយមានការសង្ស័យរូបគាត់ បានដើរចូលទៅជិត ហើយក៏ឃើញក្បាលមនុស្សនៅក្នុងការ៉ុងខាងលើ ដោយមានរុំស្កុតបិទជិត ភ្លាមៗនោះ រូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍គោករកា ដើម្បីចុះមកដល់ទីតាំងកើតហេតុ។
ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ក៏បានចុះមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសលវិច័យ ចុះមកពិនិត្យសាកសពខាងលើ។
សមត្ថកិច្ចជំនាញផ្នែកកោសលវិច័យពិនិត្យសាកសពរួច បានឲ្យដឹងថា សពបុរសខាងលើនេះ ត្រូវបានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណកាត់ជាពីរកំណត់ រួចយកមកបោះចោលនៅក្នុងដីឡូតិ៍ខាងលើ ដោយច្រកចូលក្នុងការ៉ូតពណ៌ខៀវ។
បន្ទាប់ពីពិនិត្យចប់ គ្រោងឆ្អឹងសាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅធ្វើបុណ្យនៅវត្ត ហើយសមត្ថកិច្ច នឹងតាមស្វែងរកមុខឃាតក ដែលសម្លាប់ជនរងគ្រោះ យកមកផ្ដន្ទាទោសតាមច្បាប់៕


