header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ មានរឿងគួរឲ្យ​ហួសចិត្តមួយ បានកើតឡើង ដោយសារតែប្តីប្រពន្ធ២នាក់ កាន់បណ្ណ័កម្មសិទ្ធិ ដីធ្លី០០១ (ប្លង់រឹង) យកទៅអោយប្រធានភូមិបាលស្រុកថ្ពង ដើម្បីចុះហត្ថលេខា កាត់ឈ្មោះលក់ដូរ ស្រាប់តែលោកប្រធានភូមិបាល បានឆ្លើយថា មិនអាចចុះហត្ថលេខាបានទេ ព្រោះដីខាងលើមាន គេប្តឹងផ្ទាល់មាត់។

សូមបញ្ជាក់ថា ម្ចាស់ដីទាំងពីរនាក់ខាងលើ ឈ្មោះ កែ ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជុសជុលម៉ូតូ ត្រូវជាប្តី ចំណែកប្រពន្ធឈ្មោះ ស៊ាំង ម៉ុច អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ទាំងពីរនាក់រស់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។

បើតាមសំដីស្ត្រីជាប្រពន្ធបានអោយដឹងថា ដីពួកគាត់មានទំហំ ១៧២០ម៉ែតការ៉េ​ ទទឹង២៩ម៉ែត្រ បណ្តោយ៩០ម៉ែត្រ​ បានទិញតាំងពីឆ្នាំ ២០០៨ មកម៉្លេះ។ រហូតមកដល់ឆ្នាំ២០១២ សម្តេ តេជោ ហ៊ុន សែន បានចាត់ឲ្យ​ក្រុមយុវជន ដើម្បីចុះធ្វើការវាស់វែងដីធ្លី និងបានចេញប្លង់រឹង កម្មសិទ្ធិ ដល់ម្ចាស់ដីគ្រប់គ្នា។ កាលនោះ បន្ទាប់ពីចេញប្លង់រឹង សម្តេចតេជោ ហ៊ុន សែន ទុកពេល៣ខែ ដើម្បីដាក់ពាក្យប្តឹងជំទាស់ ទៅលើក្បាលដីណា ដែលមានភាពមិនប្រក្រតី ឬដីមួយកន្លែងមានម្ចាស់ច្រើននាក់ តែមិនមានអ្នកណាម្នាក់ចេញមុខមកអះអាងថា ដីខាងលើជារបស់ខ្លួនឡើយ។

ប្រភពដដែលបានបន្តទៀតថា ស្រាប់តែប្រហែលជាជាងមួយខែមុន រូបគាត់បានលក់ដីខាងលើអោយទៅម្ចាស់ថ្មី ក៏មានមនុស្សប្រុសម្នាក់ឈ្មោះ ភ័ណ្ឌ ជាប្រជាពលរដ្ឋរស់នៅភូមិ-ឃុំ-ស្រុក ខាងលើ ចេញមុខមកអះអាងថា ដីនោះមានចំណែកគាត់ ១១ម៉ែត្រ អញ្ចឹងបើចង់លក់ត្រូវដោះស្រាយ សំណងអោយគាត់ ចំនួន ៧០០០ដុល្លារ នោះគេនឹងមិនប្តឹង រករឿងអ្វីទេ។

ក្រោមពីផ្ទុះរឿងដីមួយកន្លែងមានម្ចាស់ដល់ទៅ២នាក់ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានរត់ទៅអោយលោកចៅហ្វាយស្រុក ជួយដោះស្រាយ តែខាងស្រុកគេនិយាយថា មិនអាចដោះស្រាយបានទេ រឿងនេះហួសសមត្ថកិច្ចរបស់ស្រុកហើយ ព្រោះម្ខាងមានប្លង់រឹង និងម្ខាងទៀតមានប្លង់ទន់ បើចង់ដោះស្រាយមានតែប្តឹងទៅតុលាការទេ។

បន្ទាប់ពីលឺសំដីខាងស្រុកគេនិយាយបែបនេះ ធ្វើអោយពីរនាក់ប្តីប្រពន្ធស្រងាកចិត្តយ៉ាងខ្លាំង ព្រោះថា ពួកគាត់មានប្លង់រឹងស្របច្បាប់ ចំណែកភាគីម្ខាងទៀតមានត្រឹមប័ណ្ណកាន់កាប់ (ប្លង់ទន់) ប៉ុណ្ណោះ អាចធ្វើអោយរំខានដល់ពួកគាត់មិនអាចធ្វើអ្វីបានលើដីខាងលើបាន ហើយម្យ៉ាងទៀតគ្រាន់តែពាក្យសំដីប៉ុន្មានម៉ាត់ (មិនមានឯកសារ របស់មនុស្សម្នាក់អាចធ្វើអោយលោកប្រធានភូមិបាល មិនអាចចុះហត្ថលេខាបាន ដោយលោកប្រធានភូមិបាលនិយាយថា មិនអាចចុះហត្ថលេខាបានទេ ព្រោះមានគេប្តឹងផ្ទាល់មាត់មកលោក)។

ប្រជាពលរដ្ឋមួយចំនួននៅតែមានចមង្ងល់ថា ប្លង់ ដែលចេញដោយ យុវជន សម្តេច តេជោហ៊ុនសែន ដែលចុះធ្វើការវាស់វែងដីធ្លី និងបានចេញប្លង់រឹង កម្មសិទ្ធ ដល់ម្ចាស់ដីគ្រប់គ្នា និងមានភាពត្រឹមត្រូវបំផុត ហេតុអ្វីបានជា លោកប្រធានភូមិបាល និងអភិបាលស្រុក មិនព្រមចុះ ហត្ថលេខា ឬ ក៏លោកទាំងពីរ ខ្លាំងជាង សម្តេចតេជោ នាយករដ្ឋមន្រ្តីទៅទៀត ទោះបីប្លង់ចេញដោយ ក្រុមការងារ សម្តេចទៅហើយ នៅតែគ្មានតំលៃ អោយអ្នកទាំង២ ចុះហត្ថលេខាបាន។ ចុះហេតុអ្វី តាំងពីឆ្នាំ២០១២ មក ដោយពេល នោះ បន្ទាប់ពីចេញប្លង់រឹង សម្តេច តេជោ ហ៊ុន សែន ទុកពេល៣ខែ ដើម្បីដាក់ពាក្យប្តឹងជំទាស់ ទៅលើក្បាលដីណា ដែលមានភាពមិនប្រក្រតី រឺ ដីមួយកន្លែងមានម្ចាស់ច្រើននាក់ តែមិនមានអ្នកណាម្នាក់ចេញមុខមកអះអាងថាដីខាងលើជារបស់ខ្លួនឡើយ ទើបតែពេលនេះ ម្ចាស់ដីពិតប្រាកដ ចង់លក់ដីរបស់ខ្លួន បែរជាមានអ្នកមកទាមទារចំណែកទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មាន CAM POST បានព្យាយាមទាក់ទង ទៅលោកចៅហ្វាយស្រុកថ្ពង និងលោកប្រធានភូមិបាល ដើម្បីបញ្ជាក់បន្ថែមលើបញ្ហាខាងលើនេះ តែមិនទាក់ទង​បានទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post