ភ្នំពេញៈ ដោយសារបើកបរខ្វះការប្រុងប្រយ័ត្ន រថយន្ត៣គ្រឿង បានបុកបន្តកន្ទុយគ្នា ធ្វើឲ្យរថយន្តមួយគ្រឿងក្រោយគេ រងខូចខាតធ្ងន់រួញកាប៊ីន តែសំណាងល្អគ្មានអ្នករងរបួស។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តទី១ ម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ កោះកុង 2A-0942 រងខូចខាតបែកស្តុប ខាងឆ្វេង។ រថយន្តទី២ ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទបែនដឹកថ្ម ពណ៌ត្រួយចេក ពាក់ស្លាកលេខ ស្វាយរៀង 3A-0932 មិនមានខូចខាត ។ រថយន្តទី៣ ខាងក្រោយគេ ម៉ាកហ៊ីយ៉ាន់ដាយ ឃ្លប់ដឹកទំនិញរោងចក្រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3587 រងខូចខាតបែករួញកាប៊ីន។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តទាំង៣គ្រឿងបើកបន្តកន្ទុយគ្នា តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តទី១ វីហ្គោ បានបង្អង់ល្បឿន ដោយសារមានរ៉ឺម៉កម៉ូតូ បើកឆ្លងកាត់ ធ្វើឲ្យរថយន្តទី២ បែនដឹកថ្ម បើកលឿនជាន់ហ្វ្រាំងអូសកង់ ហើយជ្រុលទៅបុកគូទរថយន្តវីហ្គោបែកស្តុបម្ខាង ហើយស្របពេលនោះ ស្រាប់តែរថយន្តទី៣ ឃ្លប់ដឹកទំនិញរោងចក្រ បោលគ្មានមេត្តា គ្រាដែលខាងមុខជួបឧបសគ្គ ហើយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកគូទរថយន្តបែនយ៉ាងពេញទំហឹង បណ្តាលឲ្យរងខូចខាតខ្ទេចកាប៊ីន។
ក្រោយកើតហេតុ ភាគីខាងរថយន្តទី៣ ឃើញរថយន្តខ្លួនខ្ទេចធ្ងន់ជាងគេ ក៏ទាមទារឲ្យរថយន្តបែនជួយចេញសង ថ្លៃខូចខាតទៅវិញ។ ហេតុផលរបស់អ្នកបើកបររថយន្តទាំង៣គ្រឿងមានរៀងខ្លួន ដោះស្រាយមិនចេញ មានតែហៅសមត្ថកិច្ច និងក្រុមហ៊ុនធានារ៉ាប់រ៉ង របស់ភាគីរថយន្តបែន មកនិយាយវែកញែកផ្លូវច្បាប់។
ក្រោយពីភាគីទាំង៣ និយាយមិនត្រូវគ្នា សមត្ថកិច្ចចុះទៅអន្តរាគមន៍វាស់វែងយករថយន្តទាំងអស់ដាក់អែបគៀនខាង រង់ចាំសមត្ថកិច្ចជំនាញ យករថយន្តទាំង៣គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕