
ភ្នំពេញៈ លោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ជាអធិរាជចាប៉ីដងវែងដ៏ល្បីល្បាញ ត្រូវបានក្រុមគ្រួសារបញ្ជូនពីខេត្តតាកែវ មកកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ បន្ទាប់ពីលោកតាមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
លោកតា ប្រាជ្ញ ឈួន គឺជាចាស់ព្រឹទ្ធាចារ្យម្នាក់ នៅក្នុងសិល្បៈវប្បធម៌បុរាណខ្មែរ ផ្នែកចាប៉ីដងវែង ដែលធ្លាប់ច្រៀងប្រៀនប្រដៅមិនតិចនោះទេ។ បច្ចុប្បន្ន លោកតាចូលដល់វ័យចាស់ជរា ព្រោះលោកតាមានអាយុ៨៣ឆ្នាំទៅហើយ ដោយមានជំងឺជាច្រើនប្រចាំកាយរបស់លោកតា។


លោកតាព្រឹទ្ធភីរម្យ ប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ីដ៏ល្បីល្បាញ ពេលនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយស្ថានភាពលោកតា មានសភាពធ្ងន់ធ្ងរ ត្រូវបានពិនិត្យនិងសង្គ្រោះដោយយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត។
សូមបញ្ជាក់ថា លោកតា ប្រាជ្ញ ឈួន ត្រូវបានខាងមន្ទីរពេទ្យខេត្តតាកែវ ដឹកបញ្ជូនមកដល់ពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ល្ងាចម្សិលមិញនេះ។ហើយនៅថ្ងៃទី៩ ខែវិច្ឆិកានេះដែរ ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត កំពុងជួយសង្រ្គោះយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតនៅបន្ទប់នៃអគារប្រព័ន្ធបរសាទ៕


