header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅចំពោះព្រះភក្ត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានប្រកាសការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី សមិទ្ធផលសង្គមជាតិ ដើម្បីលើកកម្ពស់កេត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីសំណាក់ និងប្រឆាំងដាច់ខាតរាល់សកម្មភាព ពាក់ព័ន្ធបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឲ្យមានអស្ថេរភាពនយោបាយ ឬចលាចលក្នុងសង្គម។

ក្នុងពិធីប្រារព្ធទិវា បុណ្យឯករាជ្យជាតិខួបលើកទី៦៥ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨) នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៦ មានកម្មវិធីនយោបាយ យុទ្ធសាស្ដ្រចតុកោកែងដំណាក់ទី៤ ដើម្បីកំណើនចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បន្ដបេសកម្មជាតិ ជាប្រវត្តិសាស្ដ្រ ដោយប្ដេជ្ញាចិត្តសម្រេច ឲ្យបានគោលការណ៍សំខាន់ៗ ចំនួន៤រួមមាន ៖ ទី១- បន្តកសាងប្រទេសជាតិ ឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីជាតិរឹងមាំ សីលធម៌សង្គម សមធម៌ សេរីភាព យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីជីវភាព សម្បូរណ៍សប្បាយរុងរឿងរបស់ប្រជាជន និងភាពសុខដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ទី២-ការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កេត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងដាច់ខាតរាល់សកម្មភាព ដែលពាក់ព័ន្ធបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឲ្យមានអស្ថេរភាពនយោបាយ ឬចលាចលក្នុងសង្គមជាតិកម្ពុជា។

ទី៣-បន្តដោះស្រាយព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាង ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងជំរុញអនុវត្តន៍យុទ្ធសាស្ត្រ អភិវឌ្ឍន៍តំបន់ព្រំដែន ឲ្យទៅជាព្រំដែនសន្តិភាព សន្តិភាព សហប្រតិបត្តិការ និងមិនអនុញ្ញាត ឲ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសជិតខាង។

ទី៤-ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរួមមាន ៖ ហិរញ្ញប្បទានភេរវកម្ម ការសំអាតប្រាក់កខ្វក់ ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post