(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គណៈគ្រប់គ្រងសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានរៀបចំពិធីប្រគល់និងទទួលរង្វាន់សិស្សពូកែចំនួន៦០នាក់ ក្នុងនោះស្រីចំនួន៣១នាក់ ដើម្បីជាការលើកទឹកចិត្តដល់មាតា បិតាសិស្ស ក៏ដូចជាប្អូនៗក្មួយៗសិស្សានុសិស្ស ដែលរៀនពូកែទទួលបានចំណាត់ថ្នាក់ល្អ (ពីលេខ១ដល់លេខ៣ ) សំរាប់ឆ្នាំសិក្សា២០១៨-២០១៩ ។
តាមប្រសាសន៏របស់លោកស្រី ទុំ ទីណា នាយិកាសាលា បឋមសិក្សាព្រះសីហនុស្ថិតក្នុងភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងបានឱ្យដឹងថា ៖ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ សាលាមានសិស្សសរុបចំនួន៨៤៥នាក់ ក្នុងនោះសិស្សស្រីចំនួន ៤១០ នាក់ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ ដោយមិនទាន់រាប់បញ្ចូលសិស្សមតតេយ្យសិក្សានៅឡើយ ហើយមានបុគ្គលិកសិក្សាចំនួន ៤២ នាក់ ស្រីចំនួន ២៨ នាក់។
លោកស្រីនាយិកាសាលា បានមានប្រសាសន៍ឱ្យដឹងទៀតថា ៖ ចំពោះការចែករង្វាន់សំរាប់សិស្សពូកែដែលរៀនទទួលបានចំណាត់ល្អ(ពីលេខ១ដល់លេខ៣) នាពេលនេះគឺដើម្បីជាការលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាលសិស្ស ក៏ដូចជាខ្លួនសិស្សផ្ទាល់ឱ្យចូលរួមជាមួយសាលាក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលវិស័យជាអាទិភាពទាំង៤របស់រាជរដ្ឋាភិបាល គឺផ្លូវ , ទឹក , ភ្លើង និងធនធានមនុស្សដើម្បីជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគតហើយការចែករង្វាន់សិស្សពូកែនាពេលនេះក៏មិនមែនជាលើកទី១នោះដែរ គឺធ្វើជារៀងរាល់ឆ្នាំ ។
សូមបញ្ជាក់ផងដែរថា ៖ សម្រាប់ឆ្នាំសិក្សា២០១៨.២០១៩នេះសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងទទួលបាននូវចំណងដៃដ៏ថ្មីស្រឡាងគឺសមិទ្ធផលអគារថ្មកម្ពស់ ២ ជាន់ មាន ២០ បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ទុកជាចំណងដៃដែលពុំអាចកាត់ថ្លៃបានសម្រាប់ក្មួយៗ ចៅៗ បានរៀនសូត្រ តទៅថ្ងៃខាងមុខបានយូរអង្វែងទៀតផងដែរ ៕ ដោយ៖ភក្ដី