
រតនគិរីៈ កម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវ កម្លាំងខេត្តកោះកុង កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងCPU បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១នឹង០០នាទីព្រឹក ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមហ៊ុនរ៉ែមាស(ឥណ្ឌា) ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ផាន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិសែនពន្លូង ឃុំសំរោង ស្រុកទូកមាស ខេត្តកំពត។
សមត្ថកិច្ចបន្តថា យោងតាមអំណាចសាលក្រមលេខ១៥២ ចុះថ្ងៃទី៣, ៩, ២០១០ របស់សាលាដំបូងខេត្តកោះកុង ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៩។
បច្ចុប្បន្ន កម្លាំងព្រហ្មទណ្ឌខេត្តបានធ្វើការប្រគល់ទណ្ឌិតទៅឲ្យកម្លាំងព្រហ្មទណ្ឌខេត្តកោះកុងដើម្បីអនុវត្តតាមនីតិវិធីបន្ត៕


