ព្រឹកថ្ងៃ ២៩ វិច្ឆិកា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ ដែលនឹងចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ។
បើតាមគម្រោង នៅក្នុងពេលទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយ លោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងលោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ ព្រមទាំងចូលរួមនៅក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរសម្តេចតេជោ បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ ក្រោមមូលបទ ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើង ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល។