
ភ្នំពេញៈ សង្កេតឃើញថា មួយរយៈនេះ មានរថយន្តពាក់ស្លាកលេខនគរបាល និងពាក់ស្លាកលេខខេមរភូមិន្ទ តែងតែងបង្កគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ដោយបើកទៅបុកនេះ បុកនោះ ខណៈម្សិលមិញ ជនជាតិចិនមិនដឹងបានរថយន្តមកពីណា ពាក់ស្លាកលេខខេមរភូមិន្ទ យកមកបើកទៅបុករបាំងថ្មនៅមុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយយប់មិញនេះ ក៏មានបុរសម្នាក់ បើករថយន្ត LEXUS RX330 មួយគ្រឿង ស្លាកលេខខេមរភូមិន្ទ បោះពួយទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរស៣នាក់ពីក្រោយ បណ្តាលរងរបួសធ្ងន់ រួចរថយន្តបង្កបើករត់រាប់រយម៉ែត្រ ទើបត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់បានមកវិញ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានបេឡេត្រោយខាងកើត តាមបណ្តោយផ្លូវ6A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 ពណ៌ត្រីអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 01-2-0337 ធ្វើដំណើរពីលើស្ពានបេឡេ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FC-3667 ជិះដោយបុរសម្នាក់បីនាក់ ពីក្រោយពេញទំហឹង បណ្តាលដួលបោកនិងថ្នល់ រងរបួសធ្ងន់ទាំងបីនាក់ ហើយរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានបន្ថែមល្បឿនបើករត់មកដល់ចំណុចផ្លូវជាតិលេខ៦អា ទល់មុខភោជនីយដ្ឋានកាដូ ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់បានទាំងរថយន្ត និងអ្នកបើកបរ។ ចំណែកជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុដោយភាគីបង្កសូមសម្របសម្រួលជាមួយភាគីរងគ្រោះ ដោយភាគីបង្កបានចេញសំណងជួលជុលម៉ូតូនិងចេញថ្លៃព្យាបាលទាំងស្រុងទៅលើជនរងគ្រោះដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕








