
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៥ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមក្បួនព្រះទីនាំង និងរថយន្តនៅក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិលើកទី៦៥។
ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៥ ឆ្នាំនេះ គឺប្រារព្ធធ្វើធំនៅទីតាំងវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវាំង ដោយមានការចូលរួមពីមហាជន មន្រ្តីរាជការ យុវជន យុវតី ព្រមទាំងមានពិធីដើរព្យុះហយាត្រាជាច្រើនទៀតផងដែរ៕











