
រតនគិរីៈ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ១៦០នាក់ បានក្អូតចង្អោរ ខណៈដែលពួកគាត់បានពុលចំណីអាហារ ក្នុងពិធីបុណ្យសព នៅក្នុងភូមិ។
ករណីពុលចំណីអាហារនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិល្អើនក្រែន ឃុំអូរជុំ ស្រុកអូរជុំ។
តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតគិរី បានឲ្យសារព័ត៌មានដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃដដែលនេះថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកបានបញ្ជូនក្រុមគ្រូពេទ្យចុះទៅទីតាំងកើតហេតុភ្លាម ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ។
លោកបន្តថា មូលហេតុក្អូតចង្អោរនេះ គឺបណ្តាលមកពីពួកគាត់បរិភោគចំណីអាហារមិនមានអនាម័យល្អ។ តែទោះជាយ៉ាងណា ករណីនេះមិនមានប្រជាពលរដ្ឋណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
លោកថា គិតមកដល់ម៉ោង៤ល្ងាចថ្ងៃដដែលនេះ គឺស្ថានភាពរបស់ពួកគាត់ទាំង១៦០នាក់នេះបានធូរស្រាលវិញហើយ ដោយក្រុមគ្រូពេទ្យប្រចាំការនៅទីនោះពិនិត្យព្យាបាល និងធ្វើការតាមដានសុខភាពជូនពួកគាត់រហូតដល់ពួកគាត់ បានជាសះស្បើយឡើងវិញផងដែរ៕







