header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុក សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានអះអាងថា ប្រសិនបើកម្ពុជាខិតខំប្រឹងប្រែងពិតប្រាកដ ឆ្លើយតបទៅនឹងក្ដីបារម្ភរបស់សហភាពអឺរ៉ុប (EU) ដែលបានទុកឱកាសឲ្យ១២ខែ ពិចារណាចំពោះសំណើ EU ពាក់ព័ន្ធករណីដោះលែង លោក កឹម សុខា បក្សសង្រ្គោះជាតិរស់ឡើងវិញ និងបើកសិទ្ធិឲ្យអ្នកនយោបាយ១១៨រូបនោះ ការសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធ ទំនិញគ្រប់ប្រភេទ(EBA)ពីកម្ពុជារបស់ EU គឺមិនអាចកើតមានឡើងនោះទេ ។

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ លោកស្រី Cecilia Malmstrnm តំណាងជាន់ខ្ពស់ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុបបានប្រាប់ ភាគីកម្ពុជាថា ខ្លួនកំពុងធ្វើសំណើការដកប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជាទៅលើទំនិញគ្រប់មុខ ដែលនាំចូលទីផ្សារអឺរ៉ុប លើកលែងតែសព្វាវុធ ហៅកាត់ថា (EBA)។

សហភាពអឺរ៉ុបទុកពេលឲ្យកម្ពុជា១២ខែទៀត សម្រាប់កែប្រែ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ឲ្យងាកមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវិញ ដើម្បីជៀសផុតពីការគាបសង្កត់ ពីសហគមន៍បរទេស ដែលកាន់របបប្រជាធិបតេយ្យ ពិសេសការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបជាដើម ។

សន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេល ១០ថ្ងៃ នៅរសៀលថ្ងៃទី៨ វិច្ឆិកា អ្នកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា “ប្រសិនបើប្រទេសកម្ពុជា ខិតខំប្រឹងប្រែងពិតប្រាកដ ហើយនឹងលឿននៅក្នុងការបង្កើត ឬក៏នៅក្នុងឆ្លើយតបទៅនឹងក្ដីបារម្ភរបស់សហភាពអឺរ៉ុប តាមអ្វីដែលបានស្នើឡើងនោះ ខ្ញុំគិតថាការសម្រេចចិត្ត ដកនោះ គឺប្រហែល ជានឹងមិនកើតឡើងនោះទេ ។ ចឹងប្រសិនបើមានស្ថានភាពមានការប្រែប្រួលហើយ មានការកែលម្អ ការសម្រេចចិត្ត នឹងការកែលម្អផងដែរ” ។

ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរជាង១ពាន់នាក់ នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី១៩ តុលា សម្ដេចតេជោ បានថ្លែងថា កម្ពុជាមិនទាន់បាត់បង់អ្វីទាំងអស់ ចំពោះការ អនុគ្រោះពន្ធទំនិញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែផ្ទុយទៅវិញបញ្ហានេះ ត្រូវបានក្រុមប្រឆាំងយកទៅធ្វើជាសង្គ្រាមចិត្តសាស្ត្រវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លើកឡើងថា ការដកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញគ្រប់មុខរបស់សហភាពអឺរ៉ុប នឹងជះឥទ្ធិពលមក កម្ពុជា ដោយសារភាគច្រើន អ្នកវិនិយោគនៅកម្ពុជា វិនិយោគលើវិស័យកាត់ដេរ ដូច្នេះបញ្ហាទាំងនេះ មានតែអ្នកនយោបាយមួយទេ ទើបដោះស្រាយបញ្ហាបាន។

សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី (ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ) ត្រូវបានសហភាពអឺរ៉ុបបង្កើតឡើងកាលពីឆ្នាំ២០០១ ដើម្បីផ្ដល់ការលើកទឹកចិត្ត ដល់ប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅលើពិភពលោក ចំពោះការមិនគិតពន្ធ ឬទទួលបានប្រព័ន្ធកូតាសេរី ក្នុងការនាំទំនិញទាំងអស់ចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប លើកលែងតែអាវុធ និងគ្រាប់រំសេវ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post