header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ អស់លក្ខណ៍ត្រឹមនេះ…ជនសង្ស័យម្នាក់ ក្នុងករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវយ៉ាងសកម្ម ត្រូវប៉ូលិសស្រុកគីរីវង់កំណត់មុខសញ្ញា និងតាមប្រម៉ាញ់រហូតឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១និង២០នាទី ត្រង់ចំណុចមាត់បឹង ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

ប្រតិបត្តិការណ៍ខាងលើនេះ ដឹកនាំដោយលោក យុគ សារ៉ាត់ អធិការនគរបាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ និងប៉ុស្តិ៍គីរីចុងកោះផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នួន ធា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅភូមិក្របាក់ ឃុំអង្គប្រាសាទ ស្រុកគីរីវង់។ ក្រោយចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពប្រាប់ប៉ូលិសថា រូបគេបានធ្វើសកម្មភាពឆក់ទ្រព្យប្រជាពលរដ្ឋបានសម្រេច ចំនួន៧ដងមកហើយ ក្នុងភូមិសាស្ត្រស្រុកគីរីវង់នេះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post