header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ យ៉ាងហោចណាស់ មានជនបរទេស២នាក់ ដោយម្នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុភ្លាមៗ ខណៈមនុស្សមួយចំនួន ត្រូវបានសង្គ្រោះស្រង់ឡើងទូកផ្សេង បន្ទាប់ពីហេតុការណ៍ទូកទេសចរណ៍ពីរគ្រឿង បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យលិចចូលក្នុងសមុទ្រ។

គ្រោះថ្នាក់ចរាចរណ៍លើទឹកដ៏កម្រ ដោយទូកទេសចរណ៍២គ្រឿង បុកគ្នានៅក្នុងសមុទ្រខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខបឹងកាឡូ ទ្រីហាវ ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមសេចក្ដីរាយការណ៍បឋមរបស់សមត្ថកិច្ចក្រុងព្រះសីហនុ ដែលអង្គភាពសារព័ត៌មាន ​Cam Post ទទួលបាននារំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកានេះ ឲ្យដឹងថា នៅមុនពេលកើតហេតុ ទូកប្រភេទ១២គូ ពណ៌ខៀវ បើកបរដោយឈ្មោះ គង់ គី ភេទប្រុស អាយុ៤៧ឆ្នាំ ជាមួយនឹងជនបរទេសម្នាក់ទៀត បានចេញពីឆ្នេរឡុងសិត បំណងឆ្ពោះទៅផែបូរ៉ា។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបុកជាមួយទូកប្រភេទទេសចរណ៍៩គូ បើកបរដោយឈ្មោះ ម៉ម វី ដឹកភ្ញៀវទេសចរបរទេសចំនួន១៦នាក់ បណ្ដាលឲ្យលិចទូកចំណុះ៩គូ និងភ្ញៀវធ្លាក់ចូលក្នុងសមុទ្រ ខណៈជនជាតិរ៉ូម៉ានីម្នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុភ្លាមៗ មនុស្សក្នុងទូក៩គូ ដែលធ្លាក់ចូលក្នុងសមុទ្រ ត្រូវបានស្រង់ឲ្យឡើងលើទូក១២គូវិញ ហើយអ្នករបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត។ ចំពោះអ្នកអត្តសញ្ញាណអ្នករបួស នៅមិនទាន់ស្គាល់ឡើយ។

ដោយឡែក សាកសពជនរងគ្រោះ ដែលបាត់បង់ជីវិតមានឈ្មោះ PE ROU BOGAN-MIHAIL ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិរ៉ូមានៀ កាន់លិខិតឆ្លងដែនលេខ​ 1830723450023 ត្រូវសមត្ថកិច្ចយកទៅតម្កល់ទុកនៅមន្ទីរពេទ្យខេត្ត រង់ចាំទំនាក់ទំនងក្រុមគ្រួសារ និងស្ថានទូតសាម៉ីមកទទួល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post