
ភ្នំពេញៈ ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើកម៉ូតូលឿនដូចហោះ ជ្រុលទៅបុកគូទរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ពេញទំហឹង បណ្ដាលឲ្យហោះផ្លោងបោកទៅក្នុងឃ្លុបដាក់សំរាមខាងក្រោយ បាក់ជើងទាំងសងខាង និងបណ្ដាលឲ្យកម្មករប្រមូលសំរាមម្នាក់ទៀត រងរបួសបាក់ជើងម្ខាង។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខសកលវិទ្យាល័យ IIC លើកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីឃើញហេតុការណ៍បានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ ឲ្យដឹងថា មុនពេលកើតហេតុ ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ គេឃើញរថយន្តប្រមូលសំរាមមួយគ្រឿង ជារបស់ក្រុមហ៊ុនស៊ិនទ្រី ពណ៌លឿង និងមានកម្មករប្រមូលសំរាម៤-៥នាក់ បានប្រមូលសំរាមតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ទល់មុខសកលវិទ្យាល័យ IIC ខណៈដែលកម្មករប្រមូលសំរាមកំពុងតែកើបសំរាមដាក់ឃ្លុបរថយន្ត ស្រាប់តែមានបុរសម្នាក់ សង្ស័យស្រវឹងស្រា បានជិះម៉ូតូឌ្រីមសង់ មួយគ្រឿង ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 2AB-3221 ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា ពីជើងមកត្បូង ក្នុងល្បឿនលឿន បានជ្រុលទៅបុកគូទរថយន្តប្រមូលសំរាមខាងលើពេញទំហឹង ហើយខ្ទាតទៅបុកចំកម្មករប្រមូលសំរាមម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជើងស្ដាំ ចំណែកម្ចាស់ម៉ូតូស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ដោយបានហោះផ្លោងទៅបោក និងឃ្លុបដាក់សំរាមខាងក្រោយរថយន្តស៊ិនទ្រី បណ្ដាលឲ្យបាក់ជើងទាំងពីរ និងបែកថ្ងាសហូរឈាមពេញឃ្លុបដាក់សំរាមនោះផងដែរ។ ភ្លាមនោះអ្នកដែលឃើញហេតុការណ៍ផ្ទាល់ បានរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ រួចនាំគ្នាជួយលើកអ្នកដែលរងរបួសទាំង២នាក់នោះ ឡើងមកលើចិញ្ចើមផ្លូវសិន ហើយកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានទាក់ទងទៅកាន់ហៅរថយន្តសាមុយមកដឹកយកអ្នករងរបួសធ្ងន់ទាំង២នាក់នោះ ទៅមន្ទីរពេទ្យផងដែរ។
សមត្ថកិច្ចក៏បានឆែករកមើលអត្តសញ្ញាណរបស់បុរសម្ចាស់ម៉ូតូដែរ តែឃើញតែទូរស័ព្ទ Oppo មួយគ្រឿង ទើបសមត្ថកិច្ចយកមករក្សាទុកបណ្ដោះអាសន្នសិន តែមិនអាចរកលេខទូរស័ព្ទ ទាក់ទងក្រុមគ្រួសារសាច់ញាតិបាននោះទេ ព្រោះជាប់ក្រយៅដៃរបស់ជនរងគ្រោះ (មិនអាចដោះសោបាន)។
ក្រោយមកគេឃើញរថយន្តគិលានសង្គ្រោះមួយគ្រឿងរបស់គ្លីនិកឯកជន មហានគរ បានមកដឹកអ្នករបួសទាំង២នាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែតផងដែរ ខណៈដែលបុរសម្ចាស់ម៉ូតូស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។ ក្រោយកើតហេតុកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម សហការសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌមានជ័យ ចុះមកវាស់វែង និងយកយានយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តពីក្រោយទៀត។
កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា បើសិនជាបងប្អូនណាបានស្គាល់ ឬបាត់សមាជិកគ្រួសារ ម៉ូតូឌ្រីមសង់ មួយគ្រឿង ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 2AB-3221 នេះ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត សូមបងប្អូនជួយប្រាប់សាច់ញាតិរបស់គាត់បានដឹងផង ឬអាចអោយបងប្អូនរបស់គាត់ ទាក់ទងទៅលេខទូរស័ព្ទរបស់ជនរងគ្រោះក៏បាន ព្រោះទូរស័ព្ទជនរងគ្រោះ ត្រូវបានសមត្ថកិច្ចរក្សាទុកបណ្ដោះអាសន្នសិន ដោយកំពុងរងចាំក្រុមគ្រួសារទាក់ទងទៅបន្ទាន់ផងដែរ៕











