header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ ស្ត្រីមេម៉ាយវ័យកណ្ដាលម្នាក់ ត្រូវឃាតកចិត្តតិរិច្ឆានឃោរឃៅ ធ្វើសកម្មភាពវាយ និងរឹតកសម្លាប់ បណ្ដាលឲ្យស្លាប់ក្នុងប្រឡាយយ៉ាងអាណោចអាធ័មចោលកូនៗ ខណៈពេលជនរងគ្រោះចេញទៅបាចទឹកចាប់ត្រីតាមប្រឡាយស្រែ ដើម្បីបានចិញ្ចឹមជីវិត។ ក្រោយសម្លាប់ជនរងគ្រោះរួចហើយ ជនល្មើសបានអូសសពយកទៅទម្លាក់ចោលក្នុងស្រែ។

ក្រោយពីបាត់ម្ដាយមិនឃើញមកផ្ទះតាំងពីព្រឹកដល់ព្រលប់ ទើបកូន និងអ្នកភូមិ បាននាំគ្នាដើររក ហើយក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងស្រែរបស់ឈ្មោះ ភូ នាម ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិឫស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ នៅវេលាម៉ោងប្រមាណ៧៖៣០នាទី យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមសមត្ថកិច្ច បញ្ជាក់ថា ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ បានកើតហេតុនៅចំណុចផ្សេង ពោល គឺកន្លែងធ្វើសកម្មភាពនៅម្ដុំត្រពាំងក្បាលក្របីខាងលិច នៅខាងត្បូងភូមិប្រហែលជាង២គីឡូម៉ែត្រ និងផ្នែកខាងត្បូងផ្លូវជាតិលេខ៦ ប្រហែល១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបន្តថា សាកសពជនរងគ្រោះឈ្មោះ ឃូន ឃីន ភេទស្រី អាយុ៤៩ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើជាមួយកូនៗ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងស្រែ ខាងកើតភ្លឺចម្ងាយ៧ម៉ែត្រ ដោយក្បាលសពសណ្ដូកទៅកើត ដេកផ្កាប់មុខ ដៃទាំងពីរចងព័ទ្ធមកក្រោយដោយខ្សែសម្រាប់ចងស្បែកជើងពណ៌ស ហើយនៅត្រង់កមានចងរឹតដោយខ្សែនីឡុងពណ៌លឿង ព្រមទាំងនៅលើរង្វង់ភ្នែកទាំងសងខាងមានស្នាមជាំ។

សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យនៅកន្លែងកើតហេតុ ជនល្មើសអាចសម្លាប់ជនរងគ្រោះនៅក្នុងប្រឡាយ នៅជាប់ខាងលិចភ្លឺស្រែចម្ងាយ៣ម៉ែត្រ ដែលមានទឹកតិចៗ ហើយអូសសពជនរងគ្រោះយកទៅចោលក្នុងស្រែ។ ជនល្មើសអាចវាយជនរងគ្រោះឲ្យដួល រួចចាប់ចងដៃមកក្រោយ ហើយយកខ្សែចងរឹតកសម្លាប់តែម្ដង។

ដោយឡែក តាមការស្រាវជ្រាវពីក្រុមគ្រួសារជនរងគ្រោះ ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងប្រហែល៩ព្រឹក ក្រោយពេលហូបបាយរួច ជនរងគ្រោះបានជិះកង់ចេញពីផ្ទះទៅរកត្រីនៅឯវាល ដោយការបាចទឹកតាមប្រឡាយដើម្បីចាប់ត្រី។ លុះដល់ល្ងាច មិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ នៅវេលាម៉ោង៦ កូនបានចេញទៅរកនៅឯវាលស្រែរហូតដល់ម៉ោង៧៖៣០នាទីយប់ ក៏ប្រទះឃើញម្ដាយដេកស្លាប់នៅក្នុងស្រែ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច។

ជុំវិញករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ សមត្ថកិច្ចមិនទាន់អាចកំណត់អត្តសញ្ញាណជនដៃដល់បាននៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចថា នឹងបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធឲ្យខានតែបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post