header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយសារមានបញ្ហាច្រើនកើតឡើងផ្ទួនៗគ្នាក្នុងគ្រួសារ ស្របពេលម្ដាយបង្កើតរបស់ខ្លួន តាមសួរដេញដោលដល់កន្លែងផឹកស៊ីផង ហើយដោយស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹងផងនោះ ទើបខ្លួនសម្រេចចិត្តទាញកាំភ្លើងបាញ់រះរថយន្ត ដោយខ្វះការពិចារណាបែបនេះ។ នេះជាចម្លើយសារភាពរបស់មន្ត្រីប៉ូលិស ដែលជាជនបង្កការបាញ់បោះអស់ជាង១០គ្រាប់ កាលពីយប់មិញ ព្រោះខឹងម្ដាយ។ យ៉ាងណា ជនបង្កត្រូវបានអង្គភាពសម្រេចចាត់វិធានការ និងអនុវត្តតាមវិន័យកងកម្លាំងនគរបាលជាតិហើយ។

នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រជុំពិភាក្សា និងសម្រេចបញ្ជូនលោកវរសេនីយ៍ឯក ឌិន វណ្ណណូរ៉ា នាយការិយាល័យភស្តុភារ និងគណនេយ្យ នៃនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាកយកដ្ឋានអត្តសញ្ញាណកម្ម ទៅក្រុមប្រឹក្សាវិន័យរបស់អង្គភាព ដើម្បីចាត់វិធានការ និងអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ យ៉ាងម៉ឺងម៉ាត់។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រាប់សារព័ត៌មានក្នុងស្រុក នារសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះថា នាយឧត្តមសេនីយ៍ កង សុខន នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រជុំពិភាក្សា និងសម្រេចបញ្ជូនលោកវរសេនីយ៍ឯក ឌិន វណ្ណណូរ៉ា ទៅក្រុមប្រឹក្សាវិន័យរបស់អង្គភាព ដើម្បីចាត់វិធានការ និងអនុវត្តន៍វិន័យរបស់មន្រ្តីនគរបាលជាតិយ៉ាងម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់កាំភ្លើងបាញ់មកលើរថយន្តរបស់ខ្លួន កាលពីវេលាម៉ោង១១និង០០នាទី យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ពិភពរាត្រី តាមផ្លូវ១៧៣ ក្រុម៤៧ ស្ថិតនៅភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

តាមចម្លើយសារភាពកំហុស នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នាវេលាម៉ោង១០៖៤៥នាទីព្រឹកនេះ លោកវរសេនីយ៍ឯក ឌិន វណ្ណណូរ៉ា នៅចំពោះមុខនាយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល នៃនាយកដ្ឋានរដ្ឋបាល-សរុប បានបញ្ជាក់ថា មូលហេតុឈានដល់ការផ្ទុះអាវុធនេះ គឺកើតឡើងដោយសារខ្លួនមានសេចក្តីតប់ប្រមល់តានតឹងផ្លូវចិត្តជាច្រើនខែមកហើយ ទាក់ទងនឹងបញ្ហាគ្រួសារ ព្រោះកូនប្រុសរបស់ខ្លួន ទើបទទួលការវះកាត់តម្រងនោម, ប្អូនប្រុសទី៣ ត្រូវចាប់ខ្លួនដោយសារប្រើប្រាស់គ្រឿងញៀន និងម្តាយក្មេក ទើបតែកាត់ជើងស្តាំ ដោយជំងឺទឹកនោមផ្អែមទៀត។

លោកស័ក្ដិ៥រូបនេះ បញ្ជាក់បន្ថែមថា ដោយសារខ្លួនខឹងសម្បារជាមួយម្តាយ ដែលតាមសួរដេញដោល ព្រមទាំងស្តីបន្ទោសដល់ក្នុងភោជនីយដ្ឋានខាងលើ និងម៉្យាងទៀត ដោយសារកំពុងស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ទើបខ្លួនក៏បានដកកាំភ្លើងបាញ់សំដៅរថយន្តរបស់ខ្លួនជាច្រើនគ្រាប់ ដោយខ្វះការពិចារណាបែបនេះ។

ក្រោយពីសារភាពនៅចំពោះមុខនាយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល នៃនាយកដ្ឋានរដ្ឋបាលសរុប រួចរាល់ហើយ សាមីខ្លួនព្រមទទួលទណ្ឌកម្មតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។

បន្ទាប់ពីបានពិនិត្យ និងស្រាវជ្រាវស៊ើបបញ្ជាក់ករណីខាងលើយ៉ាងយកចិត្តទុកដាក់ នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចបញ្ជូនករណីនេះ ទៅក្រុមប្រឹក្សាវិន័យរបស់អង្គភាព ដើម្បីចាត់វិធានការ និងអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិយ៉ាងម៉ឺងម៉ាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post