header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចប់អាណត្ដិប្រចាំកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិចារណាដកការដាក់ទណ្ឌកម្មទិដ្ឋាការ (Visa) ពីមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ដើម្បីបន្ដពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ។

នេះ ជាការថ្លែងរបស់ លោក​ ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម របស់​លោក​ William A. Heidt ជាមួយសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

លោក​ ផាត សុផានិត បានប្រាប់ក្រុមអ្នកសារព័ត៌ថា ​"ក្នុងនាមឯកឧត្តមផ្ទាល់ខ្លួន បានស្នើយោបល់ គួរឲ្យសហរដ្ឋអាមេរិក អាចពិនិត្យលទ្ធភាពសម្រួល ឬដកចេញនូវទណ្ឌកម្ម Visa ដែលបានដាក់​មកលើមន្ដ្រីរបស់កម្ពុជាមួយចំនួន ។ ទោះបីជាមកដល់ពេលនេះ ឯកឧត្តម មិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីខាងអន្ដោប្រវេសន៍សហរដ្ឋអាមេរិក ប៉ុន្ដែឯកឧត្តម នឹងបន្ដយកបញ្ហានេះទៅជជែកជាមួយសហរដ្ឋអាមេរិកទៀត នៅពេលឯកឧត្តមទៅកាន់សហរដ្ឋអាមេរិកវិញ"។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងនូវការអរគុណចំពោះ ឯកអគ្គរាជទូត ដែលបានស្នើឲ្យមានពិចារណាដើម្បីដកការដាក់ទណ្ឌកម្មនេះ ហើយប្រសិនបើអាមេរិកលុបចោលនូវបម្រាមនោះបាន សម្ដេចចាត់ទុកថា នេះជាការផ្ដល់កាដូមួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់នូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

បន្ថែមពីនេះ លោក William A. Heidt ក៏បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង ដែលបានពូនជ្រុំនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ពិសេសក្រសួងមហាផ្ទៃ ជាមួយកងកម្លាំងអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក លើការងារប្រឆាំងការជួញដូរមនុស្ស, ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារថែរក្សាសន្ដិសុខយ៉ាងល្អប្រសើរជូនបុគ្គលិកស្ថានទូតអាមេរិកនៅកម្ពុជា ។

សូមរំលឹកថា សហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់កំពូល ហើយសម្ដេចតេជោ ហ៊ុន សែន ក៏សម្រេចផ្អាកជាបណ្តោះអាសន្ន នូវកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជាវិញផងដែរ ។

ប៉ុន្ដែថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសតាមលិខិតឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការរុករក អដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជា ។

នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូន និងឆ្លើយតបជាមួយសំណើរបស់សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក​ ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្ត ឯកឧត្តម វីនសុន បាយ្ស (Vicent Buys) ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post