
ភ្នំពេញៈ រាជរដ្ឋាភិបាល បានអះអាងថា វិមានឈ្នះ ឈ្នះ នឹងសម្ពោធនៅចុងឆ្នាំនេះ និងធ្វើឲ្យបានគគ្រឹកគគ្រេងបំផុត ដើម្បីបង្ហាញនូវនយោបាយ ឈ្នះ ឈ្នះ ដោយការបញ្ចប់សង្គ្រាម រ៉ាំរ៉ៃជាច្រើនឆ្នាំ នៅក្នុងប្រទេសកម្ពុជា ។
សម្រាប់ដំណើរឆ្ពោះទៅកាន់ពិធីសម្ពោធវិមានឈ្នះឈ្នះនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ អន្តរក្រសួង សម្រាប់ការរៀបចំពិធី សម្ពោធបានជួបប្រជុំជាមួយតំណាងបណ្តាស្ថានីយទូរទស្សន៍ ដែលជាសមាជិកសមាគម ទូរទស្សន៍កម្ពុជា សិល្បករ សិល្បការិនីល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកពាក់ព័ន្ធ ដ៏សំខាន់នៅក្នុងពិធីសម្ពោធនេះ ដោយក្នុងកិច្ចប្រជុំនេះសម្តេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានមានប្រសាសន៍ថា វិមាន ឈ្នះ ឈ្នះ ស្ថិតនៅខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ ដែលជានិម្មិតរូបនៃសុខ សន្តិភាពរបស់ប្រទេសកម្ពុជា គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាង មុខនេះ ដែលពិធីសម្ពោធនេះធ្វើឡើងចំថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធពិធីខួប ២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ ១៩៩៨-២០១៨។
សម្ដេចបានបញ្ជាក់ថា ការរៀបចំធ្វើពិធីសម្ពោធវិមានឈ្នះ ឈ្នះ គឺត្រូវធ្វើឲ្យបានសក្តិសមបំផុត ដែលយើងមានមោទនភាពខ្លាំងណាស់ ដែលកុលបុត្រខ្មែរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យសម្រេចបាននូវនយោបាយឈ្នះឈ្នះ ដោយការបញ្ចប់ សង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ លើទំហំផ្ទៃដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលការ សាងសង់វិមានឈ្នះ ឈ្នះ នេះឡើងដើម្បីរំឭកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ។ ម្យ៉ាងទៀតវិមាននេះក៏ជានិម្មិតរូបនៃ សុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃក្រោមនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើឲ្យសម្រេចបានកាលពីឆ្នាំ១៩៩៨។
នៅវិមានឈ្នះឈ្នះនេះ គឺមានដាក់តាំងរូបចម្លាក់នៅតាមជញ្ជាំងជាន់ផ្ទាល់ដី និងនៅ ជុំវិញបរិវេណវិមានដែលរូបចម្លាក់នេះទាក់ទងទៅនឹងប្រវត្តិនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៧ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តមួយ ចំនួនទៀតទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា៕



