
ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល ក្នុងនោះកូនឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរែ និងថាមពល គឺឯកឧត្តម ស៊ុយ ឌីម៉ង់ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការ។ យោងព្រះរាជក្រឹត្យចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្នុងព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល រួមមានលោកជំទាវ ទិត លីនដា និងឯកឧត្តម ស៊ុយ ឌីម៉ង់ ជារដ្ឋលេខាធិការ រីឯ លោកជំទាវ យ៉ែម កាន់នីកា ឯកឧត្តម លី វណ្ណា និងឯកឧត្តម ចាន់ សុជាវ៉ាត តែងតាំងជាអនុរដ្ឋលេខាធិការ។
សូមរំលឹកថាកាលពីឆ្នាំ២០១៥ លោក ស៊ុយ ឌីម៉ង់ ក៏ធ្លាប់ត្រូវបានតែងតាំងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបន្ថែមលើមុខងារជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅរបស់ក្រសួងរ៉ែ និងថាមពល ដែលផ្នែកនេះទទួលខុសត្រូវលើផ្នែករដ្ឋបាល ព័ត៌មានវិទ្យា ផ្នែកបុគ្គលិក គណនេយ្យ ហិរញ្ញវត្ថុ សហប្រតិបត្តិការ និងកិច្ចការអាស៊ាន និងនីតិកម្ម និងជាប្រធានក្រុមការងាររៀបចំឯកសារគោលណែនាំស្តីពីកិច្ចការរដ្ឋបាលនៅក្រសួងនេះផងដែរ ។
