
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានប្រាប់ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពាក់ព័ន្ធនឹកងការផ្សាយរបស់ស្ថានីយវិទ្យុចំនួនពីរគឺវិទ្យុអាស៊ីសេរី (RFA) និងវីអូអេ (VOA) កំពុងតែការដោះស្រាយលើបញ្ហាពន្ធ ដើម្បីធ្វើការផ្សាយបានឡើងវិញ តាមរលកវិទ្យុFMនៅកម្ពុជា។
ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅក្នុងជំនួបជាមួយឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជជែកពីការដំណើរការវិទ្យុទាំងពីរ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក William A. Heidt បញ្ជាក់ថានៅពេលដែលដោះស្រាយបញ្ហាពន្ធចប់ ស្ថានីយវិទ្យុរបស់អាមេរិកទាំងពីរ អាចធ្វើសកម្មភាពផ្សាយបានឡើងវិញ តាមរលកវិទ្យុអេហ្វអឹមនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។
ឯកឧត្តម ខៀវ កញារិទ្ធ បានប្រាប់លោក William ថាក្រសួងមិនបានបិទការផ្សាយរបស់វិទ្យុអាមេរិកទាំង២ ប៉ុន្តែដោយសារតែស្ថានីយវិទ្យុក្នុងស្រុកខ្លះបានបំពានការជួលផ្សាយបន្ត ដោយមិនបានឆ្លងបែបបទឱ្យបានត្រឹមត្រូវពីក្រសួងព័ត៌មាន។
គួររំលឹកថាកាលពីចុងឆ្នាំ២០១៧ វិទ្យុអាស៊ីសេរីជាភាសាខ្មែរបានសម្រេចបិទការិយាល័យនៅប្រទេសកម្ពុជារបស់ខ្លួន បន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់លើបញ្ហាពន្ធជាមួយរដ្ឋាភិបាល។ ក្នុងអំឡុងពេលនោះ ស្ថានីយ៍វិទ្យុក្នុងស្រុកចំនួន៣២ ដែលវិទ្យុអាស៊ីសេរី វិទ្យុវីអូអេ និងសារព័ត៌មានមួយចំនួនទៀតជួយសម្រាប់ផ្សាយត្រូវបានក្រសួងព័ត៌មាន សម្រេចឲ្យផ្អាកដល់បច្ចុប្បន្នដោយថាប្រតិបត្តិការបំពានច្បាប់។