header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ម្ចាស់ផ្ទះមិននៅ ដើរលេងបុណ្យអុំទូក គាស់ទ្វារដំបូលលើផ្ទះល្វែង រួចចូលលួចទ្រព្យសម្បត្តិ គ្រឿងអល័ង្កា នឹងប្រាក់រៀល ប្រាក់ដុល្លា សរុបជិតមួយម៉ឺនដុល្លារអាមេរិក រួចគេចខ្លួនបាត់ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នឹងដកហូតវត្ថុតាងបានមកវិញមួយចំនួនធំ ប្រគល់ជូនម្ចាស់ដើមវិញ ។

ហេតុការណ៍កើតឡើងនៅ​វេលាម៉ោង១១​:០០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះលេខ៧ ផ្លូវលំ ក្រុមទី៨ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សំរួល លីណា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៣៥ ផ្លូវលំ ភូមិមានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កាត់ព្រុយខោអាវ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចក៏បានពិនិត្យទឹកនោម​ ឃើញមានផ្ទុកសារធាតុញៀនផងដែរ ។ 
​​
ជនរងគ្រោះឈ្មោះ សំ សិទ្ធី ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៧ ផ្លូវលំ ក្រុមទី៨ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។

​វត្ថុតាងចាប់យក៖លុយដុល្លារចំនួន ២០០០ដុល្លារ ,លុយខ្មែរចំនួន៤,០០០,០០០រៀល(បួនលានរៀល) , កងដៃប្លាទីនចំនួន២៥កង, ខ្សែក ប្លាទីនចំនួន០៣ខ្សែ, ក្រវិលប្លាទីនចំនួន០១គូ, ចិញ្ចៀនប្លាទីនចំនួន០២វង់ , ចិញ្ចៀនមាសចំនួន០១វង់ និង ធុងបាស់ពណ៌ខ្មៅចំនួន ០១ បានប្រគល់ឲ្យជនរងគ្រោះរក្សាទុកបណ្តោះអាសន្ន ។

សម្ភារជនរងគ្រោះឈ្មោះ សំ សិទ្ធី ដែលបាត់បង់ ៖ លុយដុល្លារចំនួន ១២០០ដុល្លារ , លុយខ្មែរចំនួន៤,០០០,០០០រៀល (បួនលានរៀល) ,ចិញ្ចៀនមាសចំនួន០១វង់ និង ទូរទស្សន៍ចំនួន ០១គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងពីដំណើររឿងថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៦ម៉០០នាទីជនរងគ្រោះបានចាក់សោរទ្វារផ្ទះ ដោយបានទុកទ្រព្យសម្បត្តិមួយចំនួននៅក្នុងប្រអប់គ្រែក្បាលដំណេក រួមមាន ៖ លុយដុល្លារចំនួន ៣២០០ដុល្លារ , លុយខ្មែរ ចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀល), កងដៃប្លាទីនចំនួន២៥កង,ខ្សែកប្លាទីនចំនួន០៣ខ្សែ ,ក្រវិលប្លាទីនចំនួន០១គូ , ចិញ្ចៀនប្លាទីនចំនួន០២វង់,ចិញ្ចៀនមាសចំនួន០២វង់ ហើយបាននាំក្រុមគ្រួសារទៅដើរលេងបុណ្យអុំទូកនៅមុខព្រះបរមរាជវាំង រហូតដល់វេលាម៉ោង១១:៣០នាទីយប់ថ្ងៃដដែល ជនរងគ្រោះ និង​ក្រុមគ្រួសារបាននាំគ្នាត្រឡប់មកផ្ទះវិញស្រាប់តែឃើញទ្វារផ្ទះខាងលើចំហរ ដោយមានស្នាមរបើកជញ្ជាំងដែក ហើយជនរងគ្រោះបានចូលទៅក្នុងបន្ទប់ពិនិត្យមើលប្រអប់គ្រែក្បាលដំណេក មានស្នាមគាស់យកទ្រព្យសម្បត្តិ ដែលទុកក្នុងប្រអប់គ្រែរួមមាន ៖ លុយដុល្លារចំនួន ៣២០០ដុល្លារ , លុយខ្មែរ ចំនួន ៨,០០០,០០០រៀល(ប្រាំបីលានរៀល) , កងដៃប្លាទីនចំនួន២៥កង,ខ្សែកប្លាទីនចំនួន០៣ខ្សែ , ក្រវិលប្លាទីនចំនួន០១គូ , ចិញ្ចៀនប្លាទីនចំនួន០២វង់,ចិញ្ចៀនមាសចំនួន០២វង់ និង បាត់ធុងបាស់ ចំនួន ០១គ្រឿង , ទូរទស្សន៍ចំនួន០១គ្រឿង ដែលទុកនៅក្នុងផ្ទះ ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ឲ្យជួយស្រាវជ្រាវតាមរក ។

លុះមកដល់វេលាម៉ោង១៥ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សំរួល លីណា នៅចំណុចផ្ទះលេខ៥៣៥ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (នៅក្បែរផ្ទះរបស់ជនរងគ្រោះឈ្មោះ សំ សិទ្ធី) និងបានចាប់វត្ថុតាងមួយចំនួនរួមមាន ៖ លុយដុល្លារចំនួន ២០០០ដុល្លារ , លុយខ្មែរ ចំនួន ៤,០០០,០០០រៀល(បួនលានរៀល) , កងដៃប្លាទីនចំនួន២៥កង, ខ្សែកប្លាទីន ចំនួន០៣ខ្សែ, ក្រវិលប្លាទីនចំនួន០១គូ ,ចិញ្ចៀនប្លាទីនចំនួន០២វង់,ចិញ្ចៀនមាសចំនួន០១វង់ និងធុងបាស់ ចំនួន ០១គ្រឿង (ជារបស់ជនរងគ្រោះឈ្មោះ សំ សិទ្ធី ដែលជនសង្ស័យឈ្មោះ សំរួល លីណា លួចយកទៅលាក់ទុកនៅខាងក្រោយផ្ទះ) បញ្ជូនយកមកសាកសួរនៅស្នាក់ការ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាត់ការតាមផ្លូវច្បាប់តែម្តង ។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ សំរួល លីណា ឃាត់ខ្លួនបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post