header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជាសន្តិសុខ​ម្នាក់ ដេកលក់​មួយភាំង មិនដឹងថា ចោរលួចចូលធ្វើសកម្មភាព កាច់ក យកម៉ូតូ Nex មួយគ្រឿង បានសម្រេចរួចអូសចេញទៅក្រៅតាំងពីពេលណា ​​ទាល់តែលឺសំឡេងបញ្ឆេះ​ម៉ូតូ ទើបភ្ញាក់ ស្ទុះរត់ចេញទៅមើល បានត្រឹមឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួន​ ចេញទៅបាត់ ដោយសុវត្ថិភាព និងមិនរំខានសមត្ថកិច្ចខណ្ឌច្បារអំពៅ ណាជួយអន្តរាគមន៍ទេ​ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅចំណុចតូបយាមមុខច្រកចូលបុរី តាង៉ូវ ស្ថិតក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះម្ចាស់ម៉ូតូ ឈ្មោះ ជា សាមឌី ភេទប្រុស​ អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ​ យាមបុរី​ តាង៉ូវ ស្នាក់នៅភូមិតាង៉ូវ​កណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ និងមានស្រុកកំណើត នៅភូមិក្រោលគោ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់ភ្នាក់ងារ​ Cam Post (ខេមប៉ុស្តិ៍​) បានដឹងថា នៅមុនពេលកើតហេតុ​ ម៉ោងជាង៣ទៀបភ្លឺ​ ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ជារបស់ប្អូន ម៉ាក Suzuki Nex ពណ៌ស ស្លាកលេខ ស្វាយរៀង 1K-8392 មកទុកនៅចំណុចជិត​តូបសន្តិសុខយាម មុខច្រកចូល​បុរី​ តាង៉ូវ​ រួចក៏បានចូលទៅសម្រាក ក្នុងតូបយាមនោះ បានមួយភាំង ដោយមិនដឹងថា ចោរលួចចូលធ្វើសកម្មភាព កាច់ក យកម៉ូតូខាងលើ រួចអូសចេញទៅក្រៅសោះឡើយ ​​ទាល់តែឮសំឡេង បញ្ឆេះ​ម៉ូតូ ទើបភ្ញាក់ដឹងខ្លួន ហើយក៏ស្ទុះរត់ចេញទៅមើល បានត្រឹមតែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួន​ ចេញទៅបាត់ដោយសុវត្ថិភាព និងមិនរំខានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល​និរោធ​ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ ចេញជួយអន្តរាគមន៍នោះទេ ទើបបុរសរងគ្រោះ បានហៅកង់បី PassApp ដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យ ។

និងករណីទី២ វាយប្លន់យកម៉ូតូបានសម្រេច បានកើតឡើង​នៅវេលាម៉ោង​០៥:០៥នាទី ទៀបភ្លឺ​ ថ្ងៃដដែល នៅត្រង់ចំណុចមុខសាលាចិន​ ហួរ​ ម៉េង លើកំណាត់ផ្លូវ៣៦៩ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ខណៈដែលយុវជន ប្រុស ស្រីមួយក្រុម បានជិះម៉ូតូត្រឡប់មកពីដើរលេង បុណ្យអុំទូកវិញ ​ត្រូវបានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ១គ្រឿង បានសម្រេច រួចជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព​ មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ចេញអន្តរាគមន៍ឡើយ ហើយជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនិរោធ តែសមត្ថកិច្ចប៉ុស្តិ៍និរោធបានប្រាប់ឲ្យជនរងគ្រោះទាំងនោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រែកប្រាវិញ ទើបជនរងគ្រោះ ក៏បានជិះម៉ូតូចេញទៅ ទាំងដែលអ្នកយកព័ត៌មានមិនទាន់បានសួរនាំមូលហេតុ និងភិនភាគច្បាស់លាស់នោះទេ ដោយប្រាប់មកថា​ ចាំព្រឹកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលព្រែកប្រា ហើយក៏នាំគ្នាជិះចេញពី​ប៉ុស្តិ៍នគរបាល​និរោធ​បាត់អស់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post