header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​ នឹង​អ្នកជិះពីក្រោយ​រងរបួស​ស្រាល​ ខណៈកំពុងជិះម៉ូតូឌុបគ្នា​ ធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកជាបួន ត្រូវ​រថយន្ត​កូរ៉េ​ធុនតូច ដឹកធុងហ្គាស​មួយគ្រឿង បើកបុកពេញទំហឹង ​កៀបជាប់ម៉ូតូក្រោម​រថយន្ត​ ហើយព្យាយាមបើករត់ អូសទាំងម៉ូតូបែកផ្កាភ្លើងពេញផ្លូវ ចម្ងាយ​ជិត១គីឡូម៉ែត្រ​ តែត្រូវប្រជាពលរដ្ឋ​នាំគ្នា​ ដេញតាមស្រែក​សម្លុត​ រកវាយអ្នកបើកបរ ទើបព្រមឈប់​ រួចចុះមក បម្រុងឡើងជិះម៉ូតូគេចខ្លួនទៀត ទើបត្រូវបានប្រជាពលរដ្ឋ​ឃាត់​មិនអោយទៅណាទេ រួចរាយការណ៍ប្រាប់សមត្ថកិច្ច​ចុះមកអន្តរាគមន៍តែម្ដង។

​គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១០៖​២០នាទី​យប់​ ថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ត្រង់ចំណុចជិត​(កៅដាយ)​ តាមបណ្តោយ​ផ្លូវ​៣៧៤ ​កែង​ផ្លូវ​១៧៣​ ក្នុងសង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់មកកាន់ភ្នាក់ងារ ខេមប៉ុស្តិ៍ ឲ្យ​ដឹងថា មុនពេលកើតហេតុ​ គេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿង​ ម៉ាក​ MSX ពាក់ស្លាកលេខភ្នំពេញ​ 1FA-4096 ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយ​ផ្លូវ​១៧៣ ក្នុងទិសដៅ​ពីកើត​ទៅ​លិច​ លុះពេលមកដល់ណុចផ្លូវបំបែកជាបួនកើតហេតុខាងលើ ស្រាប់តែមានរថយន្ត​កូរ៉េធុនតូចមួយគ្រឿង ដឹកធុងហ្គាសធំៗ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A-8375 ធ្វើដំណើរ​តាម​ផ្លូវ​៣៧៤​ ឆ្លង​កាត់​ផ្លូវ​១៧៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ទើបជ្រុលទៅ​បុក​ចំពាក់កណ្តា​ល​ ម៉ូតូ​ជនរងគ្រោះ​ពេញ​ទំហឹង​តែម្ដង បណ្តាល​ឲ្យ​​ប៉ើងអ្នកទាំងពីរបោកនឹងផ្ទប់នឹងកញ្ចក់រថយន្ដ រងបួសសន្លប់ស្តូកស្តឹង​ រីឯ​ម្នាក់​ទៀត​ រលាត់ដៃ​ជើង​ចេញ​ឈាម ​រងរបួស​ស្រាល​។

ប្រភពបន្ថែមទៀតថា​ រថយន្តបង្កបានបន្ថែមល្បឿន​ បើកអូសទាំងគៀបជាប់ម៉ូតូក្រោមរថយន្ត ឡើងបែកផ្កាភ្លើងពេញផ្លូវ ប្រហែល១គីឡូម៉ែត្រឯណោះ​ តែត្រូវប្រជាពលរដ្ឋ​នាំគ្នា​ ដេញតាមរហូត ដោយសាររថយន្តបង្កជារថយន្តដឹកហ្គាស ហើយខណៈដែលកំពុងបែករត់អូសបែកផ្កាភ្លើង​ ឡើងដូចក្នុងកុនទៀតនោះ ប្រជាពលរដ្ឋ​ដែលជិះដេញតាមបាន ស្រែក​សម្លុត​ខ្លាំងៗ រកវាយអ្នកបើកបរ បើមិនព្រមឈប់​ ទើបពេលចុះពីរថយន្តមក ប្រញាប់ប្រញាល់​ឡើងជិះម៉ូតូគេចខ្លួនទៀត ទើបត្រូវបានប្រជាពលរដ្ឋនាំគ្នា​រារាំង មិនអោយអ្នកបើកបរ​រត់ទៅណាទេ បន្ទាប់មកក៏រាយការណ៍ប្រាប់សមត្ថកិច្ច​អោយចុះមកអន្តរាគមន៍តែម្ដង ។

អ្នកបើកបររថយន្ត​បង្កឈ្មោះ ប៊ុន ឈឿន ភេទប្រុស​ បានប្រាប់ថា មូលហេតុ​ដែលរូបគាត់ ព្យាយាមបើកគេចចេញពីកន្លែងកើតហេតុនោះ គឺដោយសារតែគាត់ឃើញ​ ជនរងគ្រោះទាំង២នាក់នោះដេកស្ដូកស្ដឹងនៅលើផ្លូវ ហើយខ្លាចប្រជាពលរដ្ឋមកព្រួតវាយគាត់ ពេលជួបគ្រោះថ្នាក់បែបនេះ ​ទើបគាត់បង្ខំចិត្ត​បន្ថែមល្បឿ​ន បើកចេញទៅមុខរហូត ក៏ត្រូវប្រជាពលរដ្ឋ​ជិះដេញតាមឃាត់បានតែម្ដង។

បន្ទាប់ពីកើតហេតុភ្លាម​ៗ ជនរងគ្រោះ​ ត្រូវបាន​រថយន្ដសង្គ្រោះ​គ្លីនិកឯកជន​ ហុង​ ហាក់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ ចំណែកឯ​ម៉ូតូ​រងគ្រោះ​រួមទាំងរថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ប្រគល់ទៅអោយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក ​នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​ ចុះមកធ្វើ​ការ​វាស់​វែង​ នឹង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post