header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោមការដឹកនាំដឹករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកនេះ​​ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទួលថា កម្ពុជា គឺជាប្រទេសអព្យាក្រឹត្យ ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍ ហើយសមិទ្ធផលនានាជាច្រើនបានកសាងឡើង និងប្រារព្ធពិធីសម្ពោធជាបន្តបន្ទាប់ សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមខេត្ត/ក្រុងនានា នៅទូទាំងប្រទេស។

នាឱកាសយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងទិវាបុណ្យឯករាជ្យជាតិ លើកទី៦៥ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រះអង្គមានព្រះរាជបន្ទូល ប្រកបដោយក្តី សោមនស្សរីករាយ ក្រៃលែង ក្នុងពេលយាងចូលរួមនៅក្នុងទិវារំលឹកខួបឯករាជ្យជាតិ ទី៦៥ នៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។

ព្រះអង្គ មានព្រះរាជបន្ទូលថា ពេលនេះ គឺជាឱកាសដ៏មានតម្លៃបំផុត នៃមាតុភូមិកម្ពុជា ដែលបានទទួលនូវឯករាជ្យបរិបូណ៌ និង សិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ជាមួយគ្នានេះដែរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្ទួលថា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣មក ព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើនឹងសាធារណរដ្ឋបារាំងមាន ឋានៈជារដ្ឋឯករាជ្យពេញបរិបូណ៌។ បន្ទាប់ពីបានទទួលឯករាជ្យពេញលេញ ប្រជាជាតិកម្ពុជាមានឱកាសកសាងជាតិមាតុភូមិដោយផ្ទាល់ ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានស្ថាបនាសង្គមរាស្រ្តនិយមបំពេញព្រះរាជកិច្ចដឹកនាំលើមាគ៌ាដ៏ភ្លឺស្វាង ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។

ព្រះអង្គ មានព្រះរាជបន្ទួលថា “កម្ពុជា គឺជាប្រទេសអព្យាក្រឹត្យ ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍ ហើយសមិទ្ធផលនានាជាច្រើនបានកសាងឡើង និងបានប្រារព្ធពិធីសម្ពោធជាបន្តបន្ទាប់ សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមខេត្ត/ក្រុងនានា ទូទាំងប្រទេស”។

ព្រះអង្គ ក៏បានកោតសរសើរចំពោះ សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និង សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលបានប្រារព្ធពិធីបុណ្យខួបឯករាជ្យនេះ ហើយក៏ជាទិវាកំណើត នៃកងយោធពលខេមរភូមិន្ទផងដែរ នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាយើង កំពុងមានស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលត្រូវបានធានាពេញលេញ និងស្របពេលដែលរាជរដ្ឋាភិបាលអណត្តិទី៦ នៃរដ្ឋសភា កំពុងតែចាប់ផ្ដើមបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមតាមតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងបានកោតសរសើរ ចំពោះការដឹកនាំលើផ្លូវត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្លាតវៃ ដែលបានដាក់ចេញនូវនយោបាយដឹកនាំដ៏ត្រឹមត្រូវ ដែលនាំមកនូវសន្តិសុខភាព និងការរីកចម្រើន។

នៅក្នុងឱកាសនោះដែរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូល អំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់ចូលរួមថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី និងធ្វើឲ្យប្រទេសជាតិកាន់តែអភិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post