Tuesday, November 6, 2018

សម្តេច ទៀ បាញ់ ៖ នយោបាយឈ្នះ-ឈ្នះ សម្រាប់ទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌ នៅកម្ពុជា

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានបញ្ជាក់ថា គោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌ ដែលមាននៅកម្ពុជា ហើយគោលនយោបាយឈ្នះ-ឈ្នះ គឺជាគំរូ សម្រាប់ស្វែងរកសន្ដិភាពក្នុងប្រទេសមានជម្លោះ។

ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីចក្ខុវិស័យក្នុងការកសាងវិមានឈ្នះ-ឈ្នះ “ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍” នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេច ទៀ បាញ់ មានប្រសាសន៍ថា “គោនយោបាយឈ្នះ-ឈ្នះ ក៏នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌ ដែលមាននៅកម្ពុជា។ ហើយបន្ដជំនឿទុកចិត្តសម្រាប់ការបោះឆ្នោត និងលទ្ធផលបោះឆ្នោត នាពេលកន្លងទៅ”។

សម្ដេចបន្ដថា បដិវត្តន៍ពណ៌ គឺជាសត្រូវដាច់ខាតរបស់នយោបាយឈ្នះ-ឈ្នះ តាំងពីដើម។ ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃនេះ គឺកើតមានដោយសារស្នាដៃ របស់សម្ដេចតេជោ។

សូមរំឭកថា ការបញ្ចប់សង្រ្គាមនៅកម្ពុជា គឺធ្វើឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ដែលជានយោបាយមួយ បង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ នយោបាយឈ្នះ-ឈ្នះ ផ្ដោតសំខាន់លើកត្តា៣យ៉ាង គឺទី១- ធានាអាយុជីវិត, ទី២- អាជីព និងមុខរបរ, និងទី៣- ទទួលស្គាល់ និងធានាកម្មសិទ្ធិស្របច្បាប់ របស់ក្រុមខ្មែរក្រហម ដែលចុះចូលជាមួយកងយោធពលខេមរភូមិន្ទ៕

@Amapapa.News

Feature Ads