header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ​ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នេះ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សមាជិករាជវង្ស ឌូបៃ សហព័ន្ធអារ៉ាប់រួម។

ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum បានជម្រាបសម្តេចតេជោ ថានឹងផ្តល់ជូន​ឥណទានកម្ចី (Credit line) ចំនួន ៥០០ លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការនាំទំនិញចូលពីសហព័ន្ធអារ៉ាប់រួម ហើយនឹងសិក្សាលទ្ធផលផ្សេងៗទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ព្រះអង្គម្ចាស់សហព័ន្ធអារ៉ាប់រួមរូបនេះ បានបង្ហាញចំណាប់អារម្មណ៍ការវិនិយោគលើប្រព័ន្ធប្រេង ឧស្ម័ន ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។

ជាការឆ្លើយតប សម្ដេចតេជោ​ បានថ្លែងអំណរគុណព្រះអង្គម្ចាស់ និងប្រជាជន ក៏ដូចជា សហព័ន្ធអារ៉ាប់រួម ដែលបានជួយដល់ប្រទេសកម្ពុជា ជាពិសេសសម្រាប់អភិវឌ្ឍធនធានមនុស្សផង ការកសាងមជ្ឈមណ្ឌលកុមារកំព្រា និងជួយដល់កុមារកំព្រាផង។

ម្យ៉ាងទៀត សម្តេចតេជោ បានស្វាគមន៍ និងមានប្រសាសន៍ផងដែរថា ការវិនិយោគក្នុងវិស័យឧស្ម័នគឺជួយកាត់បន្ថយក្នុងការកាប់ឈើធ្វើអុសដុតផង ហើយក៏ជួយក្នុងការគ្រប់គ្រងធនធានធម្មជាតិផងដែរ ។

ដោយឡែកពាក់ព័ន្ធ ឥណទានកម្ចី៥០០ លានដុល្លារនោះ សម្ដេចតេជោ បានណែនាំឲ្យពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរកចំណុចណាមួយ ក្នុងការចាប់ផ្ដើមប្រើប្រាស់ថវិកានេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក៏បានអញ្ជើញសម្តេចតេជោ ទៅធ្វើទស្សនកិច្ចនៅសហព័ន្ធអារ៉ាប់រួមផងដែរនាពេលខាងមុខ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post