header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស ក៏ដូចជាទប់ស្កាត់ទេសសន្តរប្រវេសន៍ ការងារដោយខុសច្បាប់ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាឱ្យមានការបញ្ជូនពលករទៅបម្រើការងារផ្ទះ នៅទីក្រុងហុងកុង ប្រមាណ១ពាន់នាក់ក្នុង១ឆ្នាំ ក្រោមកិច្ចការពារដោយប្រព័ន្ធច្បាប់ និងទទួលបានសិទ្ធិសេរីភាព ដូចពលករហុងកុងដែរ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីសម្ពោធក្រុមហ៊ុន Easy Reach International កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ថា បច្ចុប្បន្នកម្ពុជា បានបញ្ជូនពលករទៅបម្រើការងារ នៅបរទេសបានចំនួន៦ ប្រទេសមាន ប្រទេសថៃ កូរ៉េ  ម៉ាឡេស៊ី ជប៉ុន សឹង្ហបូរី និងហុងកុង ដែលមានពលករសរុប១លាន២សែននាក់។ កន្លងមកពួកគេបានផ្ញើថវិកាជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារ។

នៅពេលបញ្ចប់កិច្ចសន្យាការងារ វិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទទួលបាននូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបប រស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការគាំពារ ការ ការពារសិទ្ធ និងផលប្រយោជន៍ពលករខ្មែរ នៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយ   រដ្ឋាភិបាល នៃប្រទេសទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានា ដោយប្រើប្រាស់គោលការណ៍ យន្តការ និងនីតិវិធីច្បាប់ជាធរមាន។

លោក ស្រី យី ឆេង តំណាងក្រុមហ៊ុនខាងលើនេះបានឱ្យដឹងថា សព្វថ្ងៃនៅទីក្រុងហុងកុង មានពលករបរទេសបម្រើការងារផ្ទះប្រហែល៣៥ម៉ឺន៧ពាន់នាក់ ភាគច្រើនជាជន ជាតិហ្វីលីពីន និងឥណ្ឌូនេស៊ី ដោយពួកគេទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចពលករហុងកុងដែរ ការឈប់សម្រាកប្រចាំសប្តាហ៍ ការឈប់សម្រាកប្រចាំឆ្នាំ ដោយមានប្រាក់ឈ្នួលចំនួន៧ថ្ងៃទៅ១៤ថ្ងៃក្នុង១ឆ្នាំ  ការឈប់សម្រាកលំហែមាតុភាព ចំនួន១០សប្តាហ៍ ការធានារ៉ាប់រងពេលមានជំងឺ ផ្តល់បន្ថែមប្រាក់លើកទឹកចិត្ត សម្រាប់ពលករដែលបម្រើការងារយូរឆ្នាំ។

លោកស្រីបញ្ជាក់ថា រដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង បានដាក់ឱ្យមាននូវកិច្ចសន្យាការងារស្តង់ដា សម្រាប់គាំពារបន្ថែម ជូនដល់ពលករបរទេសបម្រើការងារតាមផ្ទះ រួមមានប្រាក់បៀវត្សទាបបំផុត ត្រឹមប្រមាណ៥៧០ដុល្លារអាមេរិក ដែលនឹងត្រូវត្រួតពិនិត្យឡើងវិញជាទៀងទាត់ ការផ្តល់អាហារ ឬប្រាក់ហូបចុកចំនួន១៣៣ដុល្លារអាមេរិក ក្នុង១ខែការស្នាក់នៅសមរម្យដោយមិនគិតថ្លៃ ការចេញថ្លៃសំបុត្រយន្តហោះត្រឡប់មកវិញ និងការព្យាបាលជំងឺដោយមិនគិតថ្លៃ។

ពលករបរទេស ទទួលបានសិទ្ធិសេរីភាពស្មើគ្នាដូចពលករហុងកុង ដូចជាការស្វែងរកការប្រឹក្សាយោបល់ និងការសម្របសម្រួលពីនាយកដ្ឋានការងារហុងកុង ឬ តាមរយៈទូរស័ព្ទ។ ហុងកុងនឹងចាត់វិធានការតឹងរឹងក្នុងការពិនិត្យលើភ្នាក់ងារមុខរបរ ដើម្បីបង្ការកុំឱ្យមានការប្រព្រឹត្តខុសច្បាប់ ដូចជាការយកថ្លៃខ្ពស់ពេកសម្រាប់អ្នកដែលស្វែងរកការងារធ្វើ។ ហុងកុងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដូចជាការរៀបចំការជួបជុំគ្នារវាងពលករ និងស្ថានអគ្គកុងស៊ុលនានានៅទីក្រុងហុងកុង បានចែកចាយនូវសៀវភៅណែនាំនិងខិតប័ណ្ណផ្សព្វផ្សាយជាភាសារជាតិ និងមានកន្លែងផ្តល់ព័ត៌មាន កន្លែងដែលមានពលករជួបជុំគ្នា ព្រមទាំងបានធ្វើការជាមួយនឹងរដ្ឋាភិបាលប្រទេសបញ្ជូន និងស្ថានអគ្គកុងស៊ុលនានា សម្រាប់ចែករំលែកព័ត៌មាន និងការខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៦ បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបន្តពង្រឹងអភិបាលកិច្ច ទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុភាគី និង ទ្វេភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស,ទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារ ដោយខុសច្បាប់,លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងា, កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារនិងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គម មកក្នុងប្រទេស,ការផ្តល់ប្រឹក្សាការងារធ្វើ និងការបង្កើតមុខរបរដោយខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post