
ភ្នំពេញៈ លោក គង់ គាំ អតីតអ្នកតស៊ូផ្នែកនយោបាយមួយរូប និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានបង្ហាញពីប្រវត្តិខ្លះនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា រហូតដល់ប្រទេសមានសន្តិភាពមកដល់សព្វថ្ងៃនេះ។ ការលើកឡើងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើបុណ្យរំលឹកថ្ងៃ២ធ្នូ ខាងមុខនេះ យ៉ាងគគ្រឹកគគ្រេង។
លោក គង់ គាំ អ្នកនយោបាយជើងចាស់មួយរូប បានលើកឡើងតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី៣០ វិច្ឆិកា យ៉ាងដូច្នេះថា សន្និសីទហ្សឺណែវឆ្នាំ១៩៥៤ បានបញ្ចប់សង្គ្រាមឥណ្ឌូចិនទី១ ឬសង្គ្រាមវៀតណាម-បារាំង។ ក្រោយបារាំងចាកចេញ សង្គ្រាមឥណ្ឌូចិនទី២ ឬសង្គ្រាមវៀតណាម-សហរដ្ឋអាមេរិកបានបន្ត (ឆ្នាំ១៩៦៥)។
លោកបន្តថា នៅឆ្នាំ១៩៧៣ សហរដ្ឋអាមេរិកទន់ដៃ ហើយបានចុះកិច្ចព្រមព្រៀងឈប់បាញ់រវាងវៀតណាម-សហរដ្ឋអាមេរិក។ ប៉ុន្តែនៅកម្ពុជា ខ្មែរក្រហម ប៉ុល ពត ឆ្លៀតស្ថានភាពឈប់បាញ់ (វៀតណាម-សហរដ្ឋអាមេរិក) ឈានទៅដណ្តើមជ័យជំនះលើរបប លន់ នល់ ដែលមានសហរដ្ឋអាមេរិកគាំទ្រ ដោយបានសម្រេចជោគជ័យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
លោកបានឲ្យដឹងបន្ថែមថា កិច្ចព្រមព្រៀងឈប់បាញ់ផងវាយផង ក្រុងហាណូយ (វៀតកុង) ដណ្តើមបានជ័យជំនះនៅទីក្រុងសៃហ្គន (ព្រៃនគរ) វៀតណាមខាងត្បូងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។
ក្រោយសហរដ្ឋអាមេរិកចាញ់សង្គ្រាមឥណ្ឌូចិនទី២ ឬសង្គ្រាមវៀតណាម-សហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាវៀតណាម និងសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (ស.ស.ស.ស) ចង់មានឥទ្ធិពល លើឥណ្ឌូចិនដោយត្រូវក្របួចយកកម្ពុជាជាឈ្នាន់។
លោក គង់ គាំ បានលើកឡើងទៀតថា សង្គ្រាមឥណ្ឌូចិនទី៣ ឬសង្គ្រាមកុម្មុយនីស្តចិន និងកុម្មុយនីស្តវៀតណាម ដែលមានសហភាពសូវៀតនៅពីក្រោយបានបន្ត។ សាធារណរដ្ឋប្រជាមានិតចិន ចាប់យកកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត រីឯវៀតណាម (សហភាពសូវៀត) ប្រើប្រាស់ក្រុមខ្មែរក្រហមនៃបក្សប្រជាជនបដិវត្តន៍ខ្មែរបង្កើតពីឆ្នាំ១៩៥១ ជាមធ្យោបាយ។
អតីតអ្នកនយោបាយជើងចាស់ ដែលត្រូវបានតុលាការកំពូលសម្រេចផ្អាកធ្វើនយោបាយរយៈពេល៥ឆ្នាំ ចាប់ពីចុងឆ្នាំ២០១៧ កន្លងមក ក៏បានឲ្យដឹងថា នៅកម្ពុជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ការបោសសម្អាតផ្ទៃក្នុងរវាងក្រុមខ្មែរក្រហមស្និទចិន និងខ្មែរក្រហមស្និទវៀតណាម (សូវៀត) ៣ឆ្នាំ៨ខែ២០ថ្ងៃមានភាពព្រៃផ្សៃធ្ងន់ធ្ងរ។ ១២ឆ្នាំ (ឆ្នាំ១៩៧៩-១៩៩១) រណសិរ្ស ២ ធ្នូ ១៩៧៨ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា ៧មករា ជាមួយវត្តមានកងទ័ពវៀតណាមម្ភៃកងពល (១២ម៉ឺននាក់) នៅកម្ពុជា និងត្រីភាគីខ្មែរ (កម្ពុជាប្រជាធិបតេយ្យ) នៅតាមព្រំដែនកម្ពុជា-ថៃ ដែលមានអតីតមេខ្លោងប រទេសជាខ្នងបង្អែករៀងខ្លួន បានប្រទាញប្រទង់គ្នាមិនឈ្នះ មិនចាញ់ និងមានអនាគតមិនប្រាកដប្រជាឡើយ។
លោកបញ្ជាក់ថា ១២ឆ្នាំ(១៩៧៩-១៩១) បើគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលហត្ថលេខីបរទេស និងភាគីខ្មែរ (៦+២+២+២+១) សម្រេច បានការព្រមព្រៀងទេ នឹងមិនមានអ្វីៗដូចសព្វថ្ងៃនេះឡើយ។
យ៉ាងណាក្តីបើអ្នកឆ្លងកាត់ដំណាក់សង្គ្រាមបានអះអាងថា ពិតជាមានការពិបាកយ៉ាងខ្លាំងទម្រាំរស់រានមានជីវិតមកដល់ថ្ងៃនេះ ហើយប្រទេសមានសន្តិភាព ដែលមិនចង់ឲ្យមានកើតឡើងជាថ្មីនោះទេ៕
