header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍ រវាងរាជរដ្ឋាភិបាល កម្ពុជា និង រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានស្នើដល់រដ្ឋាភិបាលអាល្លឺម៉ង់ ឲ្យផ្តល់ហិរញ្ញប្បទាន សរុប ប្រមាណ ៧០លានអឺរ៉ូ សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងអាទិភាពចំនួន៣ រួមមាន សុខាភិបាល អភិវឌ្ឍន៍ជនបទ និងវិស័យអភិបាលកិច្ចនៅកម្ពុជា ។

តាមរយៈកិច្ចប្រជុំនាពេលនេះ តំណាងរដ្ឋាភិបាលអាល្លឺម៉ង់បានបង្ហាញឆន្ទៈបន្តផ្តល់ ការគាំទ្រលើវិស័យអាទិភាពទាំង៣ ខាងលើ ហើយទន្ទឹមនឹងនេះ រដ្ឋាភិបាលអាល្លឺម៉ង់នឹង ពិនិត្យលទ្ធភាពផ្តល់កម្ចីសម្បទានសម្រាប់គម្រោងតភ្ជាប់បណ្តាញអគ្គិសនី និងគម្រោង ហេដ្ឋារចនាសម្ព័ន្ធជនបទ នៅកម្ពុជាតាមរយៈកម្ចីសម្បទានផងដែរ ។ ភាគីទាំងពីរបានវាយ តម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានចាត់ ទុកថា សមិទ្ធផលទាំងនេះគឺពិតជាបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា ។

ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពកំណត់កាលបរិច្ឆេទសម្រាប់កិច្ចការចរចាទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលគ្រោងនឹងប្រព្រឹត្តទៅនាត្រីមាសទី២ ឆ្នាំ២០១៩ ខាងមុខ នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សារកការឯកភាពជា លើកចុងក្រោយលើសំណើគម្រោងដែលបានស្នើឡើង និងការសន្យាផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលអាល្លឺម៉ង់ដល់កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨នេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៥៣០លានអឺរ៉ូ ស្មើនឹងប្រមាណ ៣,២ភាគរយនៃទំហំហិរញ្ញប្បទានទាំងអស់ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា ។ ទំហំ ហិរញ្ញប្បទាននេះមិនរាប់បញ្ចូលហិរញ្ញប្បទាន ដែលភាគីអាល្លឺម៉ង់ផ្តល់ដល់កម្ពុជាតាមរយៈ គម្រោងថ្នាក់តំបន់ និងសកល, សហភាពអឺរ៉ុប, អង្គការសហប្រជាជាតិ, ស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ និងស្ថាប័នពហុភាគីដទៃទៀតផងទេ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post