header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សួន រីដា អតីតសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិ (CNRP) បានអង្វរក លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យសុំទោស លោក កឹម សុខា រឿងលោកយក ករណីលោក កឹម សុខា ភ្នាល់គ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន។

កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានប្រកាសតាមរយៈ Facebook ដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ភ្នាល់គ្នាលើករណីដោះលែង លោក កឹម សុខា ដោយលោក សម រង្ស៉ី លើកឡើងថា បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី នឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសនៅក្នុងពន្ធនាគារ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក សួន រីដា នាពេលថ្មីៗនេះ បានឲ្យដឹងថា ការភ្នាល់របស់ លោក សម រង្ស៊ី ជាមួយសម្ដេចតេជោ លើប្រធានបទ ដោះលែង ឬមិនដោះលែង លោក កឹម សុខា មិនត្រឹមតែនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេរីភាពលោក កឹម សុខា ប៉ុណ្ណោះទេ លើសពីនេះទៅទៀត គឺនាំឲ្យប៉ះពាល់ ដល់សាមគ្គីភាពផ្ទៃក្នុងបក្ស និងតម្លៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផលប្រយោជន៍ជាតិ ឆន្ទៈពលរដ្ឋដែលបានគាំទ្រ គណបក្សសង្គ្រោះជាតិ។

លោកបន្តថា ខ្ញុំសូមទទូចអង្វរលោក សម រង្ស៊ី ឲ្យសុំទោសលោក កឹម សុខា ដើម្បីនាំមកនូវការពង្រឹងការរួបរួម និងសាមគ្គីផ្ទៃក្នុង នៃគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា ពាក្យសុំទោស១ម៉ាត់របស់លោក សម រង្ស៊ី ដូរនឹងសាមគ្គីផ្ទៃក្នុងបក្ស លោក សម រង្ស៊ី ប្រាកដជាអាចធ្វើបាន ព្រោះលោក ក៏បានធ្លាប់សុំទោសសម្ដេចតេជោ ដើម្បីបានវិលត្រឡប់ចូលស្រុកខ្មែរវិញ។

លោកថា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន លោក សម រង្ស៊ី អាចធ្វើបានទម្រាំដើម្បីផលប្រយោជន៍ជាតិ និងគណបក្សរឿងអ្វីដែលលោក សម រង្ស៊ី ធ្វើមិនបាននោះ។

ជុំវិញករណីនេះផងដែរ កូនស្រីរបស់លោក កឹម សុខា កញ្ញា សម្មាធីតា និងក្រុមមេធាវី ព្រមទាំងអ្នកគាំទ្រ អតីតមេបក្សប្រឆាំង ជាច្រើននាក់ ក៏បានសម្ដែងការខឹងសម្បារចំពោះ សម រង្ស៊ី ដែលយកជោគវាសនារបស់ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ធ្វើជាល្បែងភ្នាល់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post