ព្រះសីហនុៈ ទើបតែឃើញអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុ កម្រើកខ្លួនបន្តិច ដូចសត្វក្របីព្រៃត្រូវស្រាំងទិច ស្ទុះចុះទៅអប់រំណែនាំទីតាំងធ្វើស្លាកយីហោ ក៏ដូចតាមហាងមួយចំនួនដែលបិទស្លាកយីហោ មានតែអក្សរបរទេស តែអក្សរសាស្ត្រជាតិខ្មែរវិញ គ្មានមួយតួផងនោះ ។
គេបានរាយការណ៍ថា រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរទេសចរណ៍និងមន្ទីរវប្បធម៌ បានចុះអប់រំទីតាំងធ្វើស្លាកយីហោរបស់ជនជាតិចិនមួយកន្លែង មានទីតាំងនៅមុខអតីតមន្ទីរសុខាភិបាល ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបន្ទាប់មកទៀត អាជ្ញាធរទាំងនោះបានចុះអប់រំដល់ទីតាំងមួយចំនួន ដែលមានតែអក្សរចិន គ្មានអក្សរខ្មែរ ហើយម្ចាស់ទីតាំងក៏បានបកចេញដោយខ្លួនឯង ។
អាជ្ញាធរទាំងនោះ ក៏បានតម្រូវឲ្យម្ចាស់ទីតាំងធ្វើស្លាកសញ្ញាថ្មី មានអក្សរខ្មែរធំជាងអក្សរចិន និងសរសេរអក្ខរ៉ាវិរុទ្ធខ្មែរឲ្យបានត្រឹមត្រូវ ព្រមទាំងសុំច្បាប់លើកស្លាកនៅច្រកក្រុង-ខេត្តផងដែរ ប៉ុន្តែទោះបីយ៉ាងណា គេនៅចាំមើលថា តើពួកជនបរទេសនេះ អនុវត្តតាមបានក្នុងកម្រិតណានោះទេ សង្ស័យដូចវែកចកក្នុងទឹកទេមើលទៅ ៕