
សៀមរាបៈ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ផ្តើមចេញពីភ្លើងប្រចណ្ឌ ។ ហេតុការណ៍នេះ បានកើតឡើងនាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
នគរបាលប៉ុស្តិ៍សង្កាត់ស្វាយដង្គុំបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពី ឈ្មោះ មុំ ស៊ុយ ភេទប្រុស អាយុ ៤១ឆ្នាំ ជាអ្នកជិតខាងកន្លែងកើតហេតុថា មានអ្នកជួលបន្ទប់ជិតផ្ទះគាត់ ឈ្មោះ សុត ហែម ហៅក្រៅ ល័ក្ខ ភេទស្រី អាយុ ២៣ ឆ្នាំ ចងកស្លាប់ដោយខ្លួនឯង ពេលនោះសមត្ថកិច្ចការិយាល័យបច្ចេកទេស ក៏បានចុះមកពិនិត្យសាកសព ឃើញថា ជនរងគ្រោះពិតជាបានចងកស្លាប់ដោយខ្លួនឯងពិតមែន មិនមានពាក់ព័ន្ធបទល្មើសអ្វីទេ ។
ប្រភពបន្តថា មូលហេតុដែលបណ្តាលឲ្យស្ត្រីខាងលើធ្វើបែបនេះ គឺដោយសារមានវិបត្តិផ្លូវចិត្ត (ប្រចណ្ឌ) ។ ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕


