header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នគរបាលចរចរាណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនតៃកុងរថយន្ដតាក់ស៊ី​ បើកវ៉ាជែងជ្រុលទៅបុកម៉ូតូ បណ្ដាលស្លាប់២នាក់ របួសធ្ងន់ម្នាក់ មកសាលារាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

អ្នកបើកបរគឃ្លើ​ននេះឈ្មោះ ជា តុល អាយុ៤០ឆ្នាំ។

សូមរំឭកថា យុវជន២នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តតូរីស បើកវ៉ាជែងក្នុងល្បឿនលឿន ចូលទៅគន្លងផ្លូវម្ខាងទៀត បុកម៉ូតូជនរងគ្រោះ​ចំពីមុខពេញទំហឹងតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ហ៊ន ផា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិក្តីស្កា ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង និងអ្នកស្លាប់ម្នាក់ទៀត ព្រមទាំងអ្នករងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CL-4344 ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន និងមិនពាក់មួកសុវត្ថិភាព ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តសាំយ៉ុង មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-9170 បើកដោយបុរសម្នាក់ បានបើកវ៉ាជែងរថយន្ត LEXUS មួយគ្រឿងទៀត ក្នុងល្បឿនលឿន ចូលទៅគន្លងផ្លូវម្ខាងទៀត រួចបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យយុវជន២នាក់ផ្លោងហោះបោកក្បាលនឹងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងយុវជនម្នាក់ទៀតខ្ទាតទៅលើចិញ្ចើមផ្លូវ របួសធ្ងន់សន្លប់ស្ដូកស្ដឹង ។ បន្ទាប់មករថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មហានគរ បានមកដឹកជនរងគ្រោះដែលរងរបួសធ្ងន់ យកទៅសង្គ្រោះផងដែរ។

ចំណែកតៃកុងរថយន្ត បម្រុងរត់គេចខ្លួន តែត្រូវបានរថយន្ត PIRUS និងរថយន្ត HAMMER បើកមក ស្ទាក់ពីមុខ និងជួយឃាត់បុរសដែលជាអ្នកបើកបររថយន្តបង្កហេតុនោះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ក្រុងមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឱ្យខាងដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី ។

ដោយឡែកបុរសដែលជាអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានប្រជាពលរដ្ឋដែលជួយឃាត់បាននោះ ប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួន នាំទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១ និងប្រគល់អោយនគរបាលចរាចរណ៍​ផ្លូវគោកចាត់ការកសាងសំណុំរឿងបញ្ជូនឡើងតុលាការ។

សូមបញ្ជាក់ថា​ កាលពីពេលថ្មីៗនេះ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខា​លើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ជំពូក និង ៩២មាត្រា​ ។

នេះជាមាត្រា​៧៧ និងមាត្រា៨៣​ មាត្រា៧៧ ជនណាបើកបរយានយន្ត នៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០ ០០០ រៀល (បួនលានរៀល)។

មាត្រា៨៣ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យមានរបួសដល់អ្នកដទៃហើយបណ្ដាលឲ្យអ្នករងគ្រោះ អសមត្ថភាពធ្វើការងារ ក្នុងរយៈពេលស្មើ ឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ គឺត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២០០០,០០០រៀល (ពីរលានរៀល) ទៅ ១០,០០០,០០០រៀល (ដប់លានរៀល) ។

ផ្អែកតាម រដ្ឋធម្មនុញ្ញ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ដលេខា ច្បាប់នេះ នឹងចូលជាធរមានហើយកាលពីដើមខែតុលាកន្លងទៅនេះ​ តែជាក់ស្ដែងដូចជាមិនទាន់ឃើញមានការអនុវត្តច្បាប់ចរាចរណ៍ថ្មី យ៉ាងណានៅឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post