header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ និងកងរាជអាវុធហត្ថ លេខ៦១៨ ចំនួន៧៣នាក់ បានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អ.ស.ប )នៅប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសស៊ូដង់ខាងត្បូង មានរយៈពេលមួយឆ្នាំ ហើយបានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេស ប្រកបដោយសុវត្ថិភាព។

ក្នុងពិធីទទួលការមកដល់របស់កងរក្សាសន្តិភាពកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិទាំងពីរកង នៅប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសស៊ូដង់ខាងត្បូង នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការបំពេញបេសកកម្មរយៈពេល១ឆ្នាំនៅប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសស៊ូដង់ខាងត្បូងនេះ កងកម្លាំងមួកខៀវកម្ពុជា បានសម្រេចលើសមិទ្ធផលជាច្រើន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងមនុស្សធម៌នៅលើពិភពលោក។

សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួន លើវិស័យរក្សាសន្ដិភាព ក្នុងគោលដៅធានានិរន្ដភាពការអភិវឌ្ឍថ្មី នៃការបញ្ជូនកងកម្លាំងរក្សាសន្ដិភាពនាពេលអនាគត់ សំដៅបន្ដវិភាគទានរួមចំណែកជាមួយសហគមអន្ដរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្ដិភាពជូនប្រទេសដ៍ទៃនៅលើពិភពលោកជាបន្ដទៀត។ សម្ដេច​បានបញ្ជាក់ថា ការបំពេញភារកិច្ចបេសកកម្មរក្សាសន្តិភាពនៅប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសស៊ូដង់ខាងត្បូងនេះ គឺបានរួមចំណែកក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ ដើម្បីរក្សានូវសន្តិភាពស្ថេរភាពនៅក្នុងតំបន់និងនៅលើពិភពលោក។

លោក អ៊ូបឺត ស្ដាបឺអូហ្វើ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការជួយបង្កើតឲ្យមានសន្ដិភាពជាក់ស្ដែងសម្រាប់បណ្ដាប្រទេសផ្សេងៗ និងអបអរសាទរចំពោះកងកម្លាំងរក្សាសន្ដិភាពរបស់កងយោធពលខេមរភូមិន្ទ ដែលបានសម្រេចជោគជ័យជាប្រវត្ដសាស្រ្ដរបស់ខ្លួនជាបន្ដបន្ទាប់ ដែលជាការតាំងចិត្ដក្នុងការផ្ដល់ជំនួយមនុស្សធម៌ដល់បណ្ដាប្រទេសនានា និងបានចែករំលែកជំនាញ និងបទពិសោធន៍ជូនប្រទេសដែលរងដោយជម្លោះ និងអស្ថេរភាព និងពិតជាការរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតដ៏ច្រើននៅក្នុងពិភពលោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post