header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដេញតាមបង្ក្រាបឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងរថយន្ដ និងម៉ូតូចំនួន២គ្រឿង អាវុធខ្លី២ដើម និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត នៅក្នុងកិច្ចសហការប្រតិបត្តិការគ្នាជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ។

នៅក្នុងកិច្ចសហប្រតិបត្តិការក្ដៅរបស់កម្លាំងនគរបាល ក្នុងការដេញតាមបង្ក្រាបមុខសញ្ញាជាមន្ត្រីយោធាម្នាក់ ខាងលើនេះ គឺបានអនុវត្តឡើងទៅតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ៤២២១ ជ.ប.ច/០១៨ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទលួចមានស្ថានទំងន់ទោស ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យជាមន្ត្រីយោធាដែលត្រូវបានកម្លាំងនគរបាលសហការគ្នាបង្ក្រាបឃាត់ខ្លួនបាន ដោយអនុវត្តទៅតាមដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទលួចមានស្ថានទំងន់ទោសមានឈ្មោះ ហាក់ ឆាយ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៦៩ តាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី១២ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក Suzeke Nex ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម 1S-1193 និងរថយន្ត០១គ្រឿងទៀតម៉ាក CRV ពណ៌ទឹកមាស សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2R-6265, អាវុធខ្លីចំនួន០២ដើម ក្នុងនោះមានម៉ាក K54 លេខ 4365 (២បង់ គ្រាប់ ៥០គ្រាប់) និងម៉ាក QSZ92 លេខ 006878 (១បង់ គ្រាប់ ១៥គ្រាប់), ប័ណ្ណសំគាល់ទោចក្រយាយន្ត ចំនួន១៣សន្លឹក, ប័ណ្ណបើកបរ០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០៣សន្លឹក, អត្តសញ្ញាណប័ណ្ណយោធា ០៦សន្លឹក, ប័ណ្ណសំគាល់អាវុធខ្លី ១៥សន្លឹក, លិខិតបញ្ជាបេសកកម្ម ០៩សន្លឹក, ស្លាកលេខរថយន្ត ០២សន្លឹក លេខកណ្តាល 2A-5324 ។

មន្ត្រីនគរបាលដដែលបានបញ្ជាក់ទៀតថា ក្រោយពីបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាមន្ត្រីយោធា រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការប្រគល់ជូនទៅឲ្យកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ករណី ដើម្បីនាំខ្លួនបន្តបើកការស្រាវជ្រាវបន្ថែមទៀត មុនកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post