header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានប្រជាពលរដ្ឋក្របួចប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីនារីពីរនាក់បងប្អូន កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោយវិទ្យាល័យជាស៊ីមសាមគ្គី​ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ៦៦៤ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។​

ជនសង្ស័យឈ្មោះ​ លី​ វ៉ាន់ណាត​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

បើតាមសម្តីពីបងស្រីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់និងប្អូនស្រីរបស់គាត់ បានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌កាប់ស៊្តាង ពាក់ស្លាកលេខ​ ភ្នំពេញ 1GM-6551 ទើប​តែជិះ​ចេញ​មកពីញ៉ាំភីហ្សា នៅខាងមុខវិទ្យាល័យជាស៊ីម​សាមគ្គី ​ហើយបំណងជិះត្រឡប់ទៅផ្ទះ​វិញ នៅក្បែរ​កន្លែង​កើត​ហេតុ​ ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​៦៦៤​ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេច​មុខ​ជន​សង្ស័យ​ខាងលើ រួមទាំងបក្ខពួក​ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៨​ មិន​ចាំ​ស្លាក​លេខ ជិះមកពីក្រោយ​ ហើយក៏បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អាយហ្វូនស៊ិចភ្លើស​ ពីជនរងគ្រោះជាប្អូនស្រី​ បានសម្រេច ​ហើយព្យាយាមជិះរត់គេចខ្លួន​។ ភ្លាមៗ​នោះ​ជនរងគ្រោះ​ក៏ស្រែកឆោឡោ​ បង្កឲ្យជន​សង្ស័យ​ខាង​លើ​ភ័យ​ស្លន់ស្លោ​ក៏ជិះម៉ូតូ​ទៅ​ប៉ះ​និង​រថយន្តមិនចាំម៉ាកមួយគ្រឿង​ បណ្តាលឲ្យ​ម៉ូតូ​របស់​ជនសង្ស័យ​ដួល​ ហើយក៏ត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នៅក្បែរនោះ បានចេញមកជួយចាប់បានជន​សង្ស័យ​ខាង​លើ ​ដែល​ជាអ្នកអង្គុយខាងក្រោយ ​និងធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ខាងលើ។ ដោយឡែក​បក្ខពួក​ម្នាក់​ទៀត​បាន​លើកម៉ូតូ​ជិះរត់គេចខ្លួនបាត់ស្រមោល​ ដោយបន្សល់ទុកជនសង្ស័យខាងលើ​នៅកន្លែងកើតហេតុ​ ហើយក៏ត្រូវប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់មួយដៃមួយជើងបណ្តាលឲ្យហើមមុខ​ រួចក៏ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅសួរនាំ។

ក្រោយ​កើត​ហេតុជនសង្ស័យ​ខាងលើ រួមទាំងវត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹងសាឡាង​ធ្វើការ​សាកសួរនាំ និងកសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​រង់ចាំ​ធ្វើ​ការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post