
សៀមរាបៈ លោកជំទាវ លី អ៊ុំអេង ដែលល្បីល្បាញខាងរំលោភដីធ្លីប្រជាពលរដ្ឋនៅខេត្តសៀមរាបនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានដីការបស់តុលាការ ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់ ក្នុងជំនួញដីធ្លីប្រមាណជា៣លានដុល្លារអាមេរិក។
សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបមួយរូបក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបង្ហើបថា ការចាប់ខ្លួននេះ គឺអនុវត្តន៍តាមដីបង្គាប់អោយចាប់ខ្លួន ដែលចេញដោយ លោក ងួន ណារ៉ា ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តសៀមរាប។ ការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។

ប្រភពបន្តថា មុនពេលចាប់ខ្លួនលោកជំទាវ លី អ៊ុំអេង រូបនេះ បានគេចខ្លួនពីគេហដ្ឋានរបស់ខ្លួន ក្នុងបំណងមិនទទួលខុសត្រូវ។

សូមបញ្ជាក់ថា លោកជំទាវ លី អ៊ុអេង កាលពីកន្លងទៅធ្លាប់បានរំលោភដីពលរដ្ឋនៅតំបន់ឃ្យូងយូ ៩គ្រួសារ និងធ្លាប់រងបណ្តឹងច្រើនករណីពីអាជ្ញាធរជាតិអប្សរា ករណីក្លែងឯកសាររំលោភដីធ្លីរបស់រដ្ឋ ក្នុងតំបន់ឃ្យូងយូ នៃក្រុងសៀម រាប៕

