header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​​ថ្នាក់ក្រោម និងប្រជាពលរដ្ឋរស់នៅ​​ស្រុកឈូក ខេត្តកំពត បាន​ឲ្យ​ដឹងថា ​​បទល្មើសព្រៃ​ឈើ​យ៉ាងអនាធិប​តេយ្យ កំពុងកើតមានរាល់ថ្ងៃ​នៅមូលដ្ឋាននេះ គ្មានឃើញសមត្ថ​កិច្ចមកពីស្ថាប័នពាក់ព័ន្ធផ្នែក​ណា​មួយ​ចេញមុខបង្ក្រាបនោះទេ។

មន្ត្រីរាជការស្រុកឈូក បានឲ្យដឹងថា ​រាល់ថ្ងៃ​នេះ​គេឃើញ​ឈ្មួញ​ឈើ​ឈ្មោះ ​ចែ ផេង បានដើរប្រមូល​ទិញ​ឈើ​ពី​ក្រុម​ឈ្មូញ​តូច​កាចនៅ​ស្រុក​ឈូក និង​ស្រុកជុំគីរី ដើម្បីយកមកស្តុក​ទុក​សម្រាប់នាំ​ចេញ​ទៅ​លក់បន្ត​ទៅកាន់​កន្លែង​ផ្សេងៗ ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត ​និង​ចេញ​ទៅ​ក្រៅ​មូលដ្ឋាននេះ​​។

​​មន្ត្រីរាជការ​មានឋានៈទាប ​បានអះអាងថា រាល់ថ្ងៃនេះ​​ឈ្មួញឈើឈ្មោះ ចែ ផេង ​បានធ្វើសកម្មភាព​ដើរ​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​​ និងដឹកចេញទៅលក់ទៅកាន់ទីតាំងផ្សេងៗ​​ ដោយ​មិនមាន​​​មន្ត្រីពី​ស្ថាប័នពាក់ព័ន្ធ​ណាចេញមុខបង្ក្រាបទេ។

ត្រង់ចំណុចនេះ មន្ត្រីរាជការទាំងនោះ បានចោទមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃ និងផ្នែករដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ឈូក ព្រមទាំង​​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនគរបាល និងកង​រាជអាវុធហត្ថប្រចាំការនៅ​ស្រុកឈូកទំនងអាច​​ជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើក្នុង​មូលដ្ឋាន​នេះហើយ​។

ចំណែក​ប្រជាពលរដ្ឋរស់នៅស្រុកឈូក ក៏បានឲ្យដឹងថា រាល់ថ្ងៃនេះ ឃើញ​ឈ្មួញឈើឈ្មោះ ចែ ផេង បានដើរឈើ​ទិញពី​​ឈ្មួញ​តូចតាច​ដទៃទៀត​ ​យកមក​​ស្តុក​ទុកនៅ​ផ្ទះរបស់ខ្លួន ស្ថិតនៅភូមិ​ស្ទឺង ​ឃុំ​ក្រាំស្នាយ ស្រុក​ឈូក ខេត្ត​កំពត មុន​នឹងដឹក​ចេញ​ទៅ​លក់នៅទីកន្លែងផ្សេងៗ​។​

ប្រជាពលរដ្ឋចោទថា សកម្មភាពដឹកជញ្ជូនឈើ​របស់ឈ្មួញឈើឈ្មោះ ចែ ផេង អាច​ដំណើរ​ការបាន​រលូន ​គឺ​ទាល់​តែ​​​មន្ត្រីជំនាញ​ស្ថាប័នពាក់ព័ន្ធមួយចំនួនជាអ្នកបើកដៃ ឬផ្តល់ភ្លើងខៀវជាថ្នូរចែក​​​ផល​ប្រយោជន៍លុយក​កាកឲ្យគ្នា​ទៅវិញទៅមក។​

បទល្មើសនេះ ​ពលរដ្ឋស្រុកឈូកបានកត់សម្គាល់​ថា កន្លងមក បទល្មើសដឹកជញ្ជូនឈើអនាធិបតេយ្យ​នៅមូល​ដ្ឋាន​ស្រុកឈូក ​​មិនឃើញ​មានមន្ត្រីជំនាញ និង​​​សមត្ថកិច្ច​​ពាក់ព័ន្ធ​ផ្នែកណា​មួយ ចេញមុខ​បង្ក្រាបរថយន្តដឹកឈើរបស់​ឈ្មួញ​ឈើឈ្មោះ ចែ ផេង ម្តងណាទេ។ ហើយថា រាល់ថ្ងៃនេះ បទល្មើសព្រៃឈើនៅមូលដ្ឋានស្រុកឈូក ខេត្ត​កំពត បានបន្តធ្វើសកម្មភាព​ដោយរលូនរហូតមកដល់សព្វថ្ងៃនេះ​​។

ករណីនេះ មន្ត្រីរាជការថ្នាក់ទាប និងពលរដ្ឋ​រស់នៅ​ស្រុកឈូក បានរិះគន់​ និងចោទមន្ត្រី​ជំនាញស្ថាប័នពាក់ព័ន្ធ​មួយចំនួន ដែលធ្វើការងារ​ទាក់ទងការចុះ​បង្ក្រាបបទ​ល្មើសព្រៃឈើ​​នៅ​មូលដ្ឋាននេះថា ទំនងជាអាចទទួល​បាន​សំណូក​ពុករលួយជាលុយ​កាក់​ប្រចាំថ្ងៃ ឬប្រចាំខែ ពីឈ្មួញឈើឈ្មោះ ចែ ផេង ជាថ្នូរមិនចុះ​​បង្ក្រាបបទ​ល្មើស​ព្រៃ​ឈើកន្លងមក។

ពលរដ្ឋស្រុកឈូក បានកត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ គេឃើញឈ្មួញឈើឈ្មោះ ចែ ផេង បាន​ប្រមូល​ទិញ​ឈើ​គ្រប់ប្រភេទយកមក​​ស្តុក​ទុកនៅផ្ទះរបស់គាត់ មានទីតាំងនៅ​ខាងកើតវត្តស្ទឹង​។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ​តូចតាចស្រុកឈូក ខេត្តកំពត បានសំណូមពរដល់ថ្នាក់​ដឹក​នាំ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស ថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម​​ ជួយ​បញ្ជូនមន្ត្រី​ស្អាត​ស្អំចុះអង្កេតចំពោះសកម្មភាពរបស់​មន្ត្រីក្រោមឱវាទ និងបទល្មើសព្រៃ​ឈើ​នៅមូលដ្ឋាន​ស្រុក​ឈូក ដែលគ្មានសកម្មភាពការ​ចុះបង្ក្រាបពីមន្ត្រីជំនាញ​នោះទេ។

សូមបញ្ជាក់ផងដែរថា លោកនាយសង្កាត់ និងនាយផ្នែករដ្ឋបាលព្រៃស្រុកឈូក នាំគ្នាឆ្លើយដោះសារយករួចតែខ្លូន ពេលអ្នកសារព័ត៌មានរាយការណ៍ឲ្យមកចុះបង្ក្រាបបទល្មើសព្រៃឈើកំពុងតែធ្វើសកម្មភាពទំលាក់ចុះពីលើឡានរបស់មេឈ្មូញរូបនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post