header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ខេត្តកំពតមានភ្លៀងធ្លាក់ច្រើនធ្វើឲ្យផ្លូវខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលទាមទារឲ្យរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ រិះរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីដោះស្រាយបញ្ហាលំបាក់ធ្វើដំណើរ ក្នុងនោះ រដ្ឋបាលខេត្តបានធ្វើទំនាក់ទំនង និងកំណត់ឲ្យក្រុមហ៊ុនចិន ជួយពន្លឿនការសាងសង់ផ្លូវឲ្យបានលឿនបំផុត ជាពិសេសផ្លូវជាតិលេខ៣ ចំណុចចាប់ពីលោកយាយម៉ៅ មកខ្លោងទ្វារក្រុងកំពត ត្រូវធ្វើឲ្យហើយមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខាងមុខ ។

ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្ត នៅក្នុងវេទិកា ផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត ក្នុងបរិវេណវត្តប្រភ្នំ កាលពីព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោក បានបន្តថា ផ្លូវនេះ ខូចខាត់ និងមានដីហុយយ៉ាងខ្លាំង ធ្វើឲ្យអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលមានលំនៅឋានតាមដងផ្លូវ ដែលមានប្រវែង២០គីឡូម៉ែត្រនេះ ជួបបញ្ហាលំបាក់យ៉ាងខ្លាំង ដូចនេះលោកបានដាក់លក្ខខ័ណ្ឌឲ្យក្រុមហ៊ុនចិន ត្រូវសាងសង់ចែកជាពីរក្រុម មួយក្រុមធ្វើចេញពីខេត្ត ហើយមួយក្រុមទៀត ធ្វើចេញពីចំណុចយាយម៉ៅ ព្រោះបើមិនធ្វើដូច្នេះទេ មិនអាចរួចរាល់ឡើយ ព្រោះរដូវកាលធ្វើផ្លូវមានតែ៥ទៅ៦ខែប៉ុណ្ណោះ ។ ម្យ៉ាងទៀត ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តកំពតមានប្រវែងដល់ទៅជាងបីពាន់គីឡូម៉ែត្រ ប៉ុន្តែការអភិវឌ្ឍទៅលើការជួសជុលផ្លូវខូចបាន ត្រឹមតែ១៧គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដូច្នេះខេត្តមានគោលបំណងជំរុញធ្វើយ៉ាងម៉េច នៅក្នុង១ខែ ត្រូវជួសជុល កែសម្រួលផ្លូវឲ្យបាន៥០គីឡូម៉ែត្រ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺជាវេទិកាមួយបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ តាមរយៈ ៖

១-ការផ្ដល់ព័ត៌មានអំពីសមិទ្ធផលរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០១៨ ។

២-ការផ្ដល់ព័ត៌មាន ពីសកម្មភាពអាទិភាព នៃការងារអភិវឌ្ឍន៍មូលដ្ឋានឆ្នាំ២០១៨ ។

៣-រាយការណ៍ពីសកម្មភាព ដែលរដ្ឋបាលខេត្ត បានឆ្លើយតបនឹងលទ្ធផលនៃវេទិកា ឆ្នាំ២០១៧កន្លងទៅ ។

៤-ពិភាក្សា ក្នុងការរិះរកដំណោះស្រាយរួមគ្នា លើប្រធានបទជាក់ស្ដែង ដែលជាបញ្ហាប្រឈមនៅតាមក្រុង ស្រុក មិនទាន់ដោះស្រាយបានជោគជ័យ ។

អង្គវេទិកានេះ គឺពិតជាមានសារសំខាន់ដើម្បីជាការប្រមូលមតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍ចូលរួមរបស់ប្រជាពលរដ្ឋ សម្រាប់កែលម្អ ដល់ការអភិវឌ្ឍខេត្ត ។ ពិសេសការចង់បានមតិចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូច ជាការលើកឡើងពាក់ព័ន្ធពីសេវាសាធារណៈ និងសេវារដ្ឋបាល ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ ។

ជាលទ្ធផល នៃអង្គវេទិកាថ្ងៃនេះ ប្រជាពលរដ្ឋបានចូលរួមលើកជាបញ្ហាប្រឈម និងសំណូមពរ ដែលពាក់ព័ន្ធទៅនឹងបញ្ហាភ្លើងអគ្គិសនី បញ្ហាបរិស្ថាន បញ្ហាហេដ្ឋារចនាសម្ព័ន្ធជនបទ និងសេវាសាធារណៈ សេវារដ្ឋបាលក្នុងមូលដ្ឋាន មានចំនួន១៦ បញ្ហា និងសំណូមពរ ក្នុងនោះ ក៏មានការចូលរួមបំភ្លឺ និងដោះស្រាយរួចរាល់បានមួយភាគធំ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post