header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ម៉ាស៊ីនអារឈើមួយកន្លែង ដែលលួចលាក់អាជាយូរខែឆ្នាំណាស់មកហើយ ដែលគេស្គាល់ម្ចាស់ឈ្មោះ អាន អាយុជាង៤០ឆ្នាំ ដែលជាមនុស្សមានឥទ្ធិពលនៅក្នុងភូមិក្វៀក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយម៉ាស៊ីនអារឈើមួយកន្លែងនេះ គ្មានសមត្ថកិច្ច និងជំនាញណាហ៊ានចុះទៅចាប់បង្ក្រាបឡើយ ដោយសារតែមានខ្នងបង្អែកគ្រាក់ៗ នៅពីក្រោយខ្នង ទើបដំណើរការយ៉ាងរលូនរហូតមកដល់សព្វថ្ងៃនេះបាន ។

បើតាមប្រភពពីប្រជាពលរដ្ឋឈ្មោះ ចំរើន អាយុជាង៥០ឆ្នាំ មុខរបរជាកសិករ រស់នៅក្បែរម៉ាស៊ីនអារឈើខាងលើនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ម៉ាស៊ីនអារឈើដុលខាងលើនេះ ម្ចាស់មានឈ្មោះ អាន ហើយដំណើរការយូរខែឆ្នាំណាស់មកហើយ ពីមុនម៉ាស៊ីនអារឈើនេះ ដាក់អារខាងក្រោយផ្ទះរបស់គេ ឈ្មោះ អាន តែម្តង ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះ ដោយអាងមានខ្នងបង្អែកធំៗណាស់ គ្មានសមត្ថកិច្ចណាហ៊ានចុះមកបង្ក្រាបឡើយ ។

ប្រភពបានបន្តទៀតថា ទើបតែរយះពេលជាង១ឆ្នាំចុងក្រោយនេះទេ ដោយសកម្មភាពអារឈើនៅក្រោយផ្ទះ ជាប់ផ្លូវពេក មិនសូវជាល្អមើល ទើបខ្នងបង្អែករបស់ឈ្មោះ អាន នោះ ប្រាប់ថា យកទៅដាក់ទីតាំងខាងលិចភូមិ ជិតចម្ការអំពៅ ទៅឆ្ងាយពីភូមិបន្តិច ដែលគេដឹងថា ក្នុងមួយថ្ងៃៗ ម៉ាស៊ីនអារឈើរបស់ឈ្មោះ អាន នេះ គោយន្តដឹកឈើដុលចូលមិនក្រោម១០គ្រឿងឡើយ ហើយដំណើរការយ៉ាងរលូន មិនមានសមត្ថកិច្ច ឬជំនាញណាហ៊ានបង្ក្រាបនោះឡើយ សង្ស័យអស់លោកទាំងអស់នោះ ត្រូវថ្នាំសណ្តំ ឬក៏បានលាភសក្ការពីម្ចាស់ម៉ាស៊ីនខាងលើនោះហើយ ទើបមិនហ៊ានចាប់បង្ក្រាបបែបនេះ?

ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា ប្រសិនបើមានម៉ូតូ ឬក៏រថយន្តណាជិះចូលទៅតំបន់ និងជិតម៉ាស៊ីនអារឈើ ឈ្មោះ អាន នោះគឺមានសមត្ថកិច្ចម្នាក់ ដែលកាងនៅទីនោះ ទូរសព្ទ័ទៅប្រាប់ម្ចាស់ភ្លាមៗតែម្តង ។ ការមិនហ៊ានចាប់បង្ក្រាបម៉ាស៊ីនអារឈើរបស់ឈ្មោះ អាន នេះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា មានជាប់ពាក់ពន្ធ័ នឹងអំពើពុករលួយហើយ ដោយសារតែឈ្មោះ អាន ជាម្ចាស់ឈើនេះ មិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ហើយម៉ាស៊ីនដាក់នៅកណ្តាលវាលជាប់ផ្លូវតែម្តង ហើយឈើដុល ដែលទម្លាក់ពីគោយន្តវិញ ដាក់ពាសវាល ពាសកាល បើប្រជាពលរដ្ឋជិះម៉ូតូពេលយប់វិញ ម៉ូតូអត់ភ្លើងច្បាស់ជាបុកម៉ាស៊ីន ឬក៏បុកឈើដុល ជាក់ជាមិនខានឡើយ ។ ដូចច្នេះហើយ ប្រជាពលរដ្ឋសុំ សំណូមពរដល់អស់លោកសមត្ថកិច្ចក្នុងស្រុកថ្ពង មានលោកអភិបាលស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង សូមមានឆន្ទៈក្នុងការបង្ក្រាបម៉ាស៊ីនអារឈើរបស់ឈ្មោះ អាន នេះផង បើបណ្តែតបណ្តោយតទៅទៀត ច្បាស់ជាព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺ រលាយហិនហោច ជាក់ជាមិនខានឡើយ ។

ប្រជាពលរដ្ឋសង្ឃឹមថា អស់លោក សមត្ថកិច្ច និងជំនាញពាក់ពន្ធ័នានា នឹងបង្កើតគណៈកម្មាធិការចុះបង្ក្រាបម៉ាស៊ីនអារឈើរបស់ឈ្មោះ អាន នេះឲ្យខាងតែបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post