header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គួរឲ្យសោកស្តាយណាស់ ចំពោះរឿងរ៉ាវ​ដ៏យង់ឃ្នង​របស់ហ្វូងមនុស្សមួយក្រុម ដែលប្រជាពលរដ្ឋ​អះអាងថា សុទ្ធតែជាក្រុមទាហាន​​ នៅកងពលតូចលេខ៧០ «ង៧០» ដោយបានព្រួតគ្នា​ធ្វើសកម្មភាព​​វាយដំច្រំធាក់ស្រេចតែអំពើចិត្ត ទៅលើអ្នកកាសែតមួយរូប បណ្តាលឲ្យហូរឈាមតាមមាត់ និង​ច្រមុះ ដួលដេកនៅលើដី រងរបួសជាទម្ងន់ និងឈឺចាប់បំផុត ។

គេបានរាយការណ៍ថា មានក្រុមនាយទាហាន នៅកងពលតូចលេខ៧០ «ង៧០» បាននាំគ្នាព្រួតវាយអ្នកសារព័ត័មានវ័យចំណាស់ម្នាក់ បណ្ដាលឲ្យដួល​សន្លប់ស្តូកស្តឹង និងរងរបួសធ្ងន់ធ្ងរ រហូតហូរឈាមតាមច្រមុះ និងតាមមាត់ ស្ថិតនៅខាងមុខបន្ទាយកងពលតូចលេខ៧០ (ង៧០) តែម្តង​ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ។

ប្រភពប្រាប់ឲ្យដឹងថា ដោយសារតែអ្នកសារព័ត៌មាន បានលួចថតនូវទង្វើអាក្រក់របស់នាយទាហានទាំងនោះ ទើបភ្លាមនោះ នាយទាហានខាងលើ បានមកប្រើអំពើហិង្សា មកលើអ្នកសារព័ត៌មាន (មិនស្គាល់ឈ្មោះស្ថាប័ន) តែម្តង។ ហើយក្រោយមក បានកញ្ឆក់យកទូរស័ព្ទផ្ទុកឯកសារភស្តុតាងរបស់អ្នកសារព័ត៌មាននោះ យកទៅលុបវីដេអូចោល ដែលជនរងគ្រោះបានថតពីសកម្មភាពអាក្រក់របស់ពួកគេ។ ប៉ុន្តែអ្នកសារព័ត៌មាន មិនឲ្យលុប ហើយស្រាប់តែពួកគេមួយក្រុមនេះ ស្ទុះមកវាយជនរងគ្រោះតែម្តង បណ្ដាលឲ្យដួល​ដាច់ផ្ងារ រងរបួសធ្ងន់ធ្ងរ ហូរឈាមតាមច្រមុះ និងមាត់កក្លាក្ស ។

ទាក់ទងព័ត៌មាន​ខាងលើនេះ អង្គភាពសារព័ត៌មាន Cam Post នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មិនទាន់អាចសុំការបំភ្លឺបានឡើយ ជាមួយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលជាមេបញ្ជាការកងពលតូច «ង៧០» ។

ទោះជាបែបណា មហាជនចង់បានការបំភ្លឺខ្លះៗ ពីលោកមេបញ្ជាការថា តើហ្វូងមនុស្សខាងលើនេះ ពិតជាទាហានរបស់អង្គភាព «ង៧០» មែន ឬក៏គ្រាន់តែជនមកបន្លំទេ ដែលធ្វើសកម្មភាពបង្កហិង្សាមកលើអ្នកសារព័ត៌មាន នាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អង្គភាពង៧០ យ៉ាងដូច្នេះទៅវិញ? ហើយតើអ្នកណាជាអ្នកទទួលខុសត្រូវលើករណីវាយដំមនុស្សឲ្យរបួសធ្ងន់ធ្ងរបែបនេះ?

គ្រប់គ្នាបានដឹងថា ប្រទេសជាតិសព្វថ្ងៃនេះ បាន និងកំពុង​គ្រប់គ្រងដោយច្បាប់ ប្រជារាស្ត្រមាននូវសុខ សន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ។ រឿងរ៉ាវខាងលើនេះ បើពួកជនបង្កពិតជាក្រុមទាហានចំនួនតិចតួចណាមួយនៅក្នុងអង្គភាពង៧០ ដូចដែលប្រជាពលរដ្ឋបានលើកឡើងខាងលើមែននោះ ស្នើសុំឲ្យលោកមេបញ្ជាការ មេត្តាចាត់វិធានការឲ្យខានតែបាន ទៅលើជនទំនើងទាំងនោះផង ដើម្បីបង្ការថ្ងៃក្រោយ កុំឲ្យចេះតែក្អេងក្អាង មិនស្គាល់ច្បាប់ទម្លាប់ ដើរវាយគេវាយឯង ស្រេចតែចិត្តនឹកឃើញបែបនេះទៀត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post