
ភ្នំពេញៈ យុវជន៣នាក់ បានស៊ីឈ្នួលជិះម៉ូតូដើរបិតស្ទិកឃ័រ ផ្សាយពាណិជ្ជកម្មតាមដងផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពក្នុងមូលដ្ឋាន ត្រូវអាជ្ញាធរសង្កាត់ឃាត់យកមកអប់រំ។ ការឃាត់ខ្លួនេះ ធ្វើឡើងកាលពីម៉ោង៩ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យុវជនទាំង៣នាក់នោះ ទី១ ឈ្មោះ ម៉េង វន្នី អាយុ១៧ឆ្នាំ ទី២ ឈ្មោះ ម៉េង ចាន់ណា អាយុ១៥ឆ្នាំ និងទី៣/ឈ្មោះ រ័ត្ន ភារម្យ អាយុ១៧ឆ្នាំ អ្នកទាំង៣ ស្នាក់នៅផ្ទះជួលភូមិគោកឃ្លាង សង្កាត់គោឃ្លាង ខណ្ឌសែនសុខ។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកចៅសង្កាត់ឲ្យយកចិត្តទុកដាក់ទៅលើសោភ័ណភាព ក៏ដូចបរិស្ថានក្នុងមូលដ្ឋាន ជាពិសេសពាក់ព័ន្ធការដើរបិតសេចក្តីប្រកាស ឬក៏ស្ទិកឃ័រផ្សាយពាណិជ្ជកម្មនានា តាមដងផ្លូវ ត្រូវតែហាមឃាត់ឲ្យបាន ស្រាប់តែនៅព្រឹកកើតហេតុនេះ ក៏ឃើញយុវជនទាំង៣នាក់ កំពុងដើរបិតស្ទិកឃ័រ ផ្សាយពាណិជ្ជកម្មតាមដងផ្លូវ ក៏ឃាត់យកមកធ្វើការអប់រំតែម្តង។
ពាក់ព័ន្ធនិងករណីខាងលើនេះលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានឲ្យដឹងថា ក្រោយពីឃាត់យកមកសាកសួរ និងណែនាំឲ្យយុវជនខាងលើបញ្ឈប់សកម្មភាពដើរបិតស្ទិកឃ័រផ្សាយពាណិជ្ជកម្ម តាមដងផ្លូវបន្តទៀត ព្រមទាំងដកហូតយកសម្ភារៈពាក់ព័ន្ធទាំងអស់ រួចឲ្យថៅកែយុវជនទាំង៣នាក់ មកធានាឲ្យត្រឡប់ទៅផ្ទះវិញ៕
