header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកការសាកសួរបុរស៣នាក់ ជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ ដែលពាក់ព័ន្ធនឹងបទល្មើសកំហែងយក ដោយបានគំរាមទារលុយកុំមីស្យុងថ្លៃទិញផ្ទះវីឡាតម្លៃជាង១លានដុល្លារ តែមិនបានសម្រេច។

នគបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ​បានបញ្ជូនក្រុមជនសង្ស័យចំនួន៣នាក់ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យមួយ មានឈ្មោះ Business Channel Cambodia ទៅកាន់អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ប្រគល់ឲ្យតំណាងអយ្យការសាកសួរ។

ការបញ្ជូនខ្លួនក្រុមជនត្រូវចោទទាំង៣នាក់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងមានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ក្រោយពីពួកគេបាននាំគ្នាចូលទៅក្នុងផ្ទះវីឡាមួយកន្លែង ដែលមានតម្លៃរហូតទៅដល់ចំនួនជាង១លានដុល្លារអាមេរិក ដើម្បីទាមទារលុយថ្លៃកុំមីស្យុង ហើយម្ចាស់ផ្ទះម្នាក់ បានប្តឹងសមត្ថកិច្ចថា ពួកគេបានចូលផ្ទះដោយគ្មានការអនុញ្ញាត និងគំរាមកំហែង។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាលេខ៤៥ ផ្លូវលេខ៤៦៨ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច បញ្ចាក់ថា មុនពេលកើតហេតុ មានក្រុមបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យ Business Channel Cambodia ចំនួន៤នាក់ បាននាំគ្នាមកកាន់ផ្ទះវីឡាមួយកន្លែងខាងលើ ដោយបុរសចំនួន៣នាក់ បានចូលទៅខាងក្នុងផ្ទះ និងម្នាក់ទៀត នៅឈរចាំខាងក្រៅរបងមុខផ្ទះ។ ពេលពួកគេទាំង៣នាក់ បានចូលទៅខាងក្នុងផ្ទះវីឡានោះ ក៏បានជួបជាមួយនឹងបុរសម្នាក់ ដែលជាម្ចាស់ផ្ទះថ្មី ទើបនឹងទិញពីគេ និងកំពុងតែឈរមើលការខុសត្រូវកម្មករធ្វើការក្នុងផ្ទះ។

សមត្ថកិច្ចឲ្យដឹងទៀតថា ពេលនោះ បុរសទាំង៣នាក់ ក៏បានធ្វើការសួរនាំរឿងលុយកុំមីស្យុងរបស់ពួកគេ ជាមួយនឹងបុរសម្ចាស់ផ្ទះថ្មី ដែលទើបនឹងទិញពីគេ ដែលពួកគាត់បានដឹងថា ផ្ទះវីឡាមួយនេះ មានតម្លៃជាង១លានដុល្លារឯណោះ តែសម្រាប់លុយកុំមីស្យុងដែលពួកគេមកទារពីគាត់នាពេលនេះ មិនទាន់ដឹងថា ប៉ុន្មាននោះទេ។

ពេលនោះ ក៏មានការជជែកគ្នាតឹងសរសៃក ហើយបុរសជាម្ចាស់ផ្ទះ បានប្តឹងទៅនគរបាលប៉ុស្តិ៍ ដោយប្រាប់ថា មានគេចូលផ្ទះដោយគ្មានការអនុញ្ញាត និងគំរាមកំហែងដល់ក្នុងផ្ទះរបស់ខ្លួន។ ក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួនបុរសទាំង៣តែម្តង និងបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍ទួលទំពូងទី២ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ និងត្រូវបានបន្តបញ្ជូនមកកាន់តុលាការ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ប្រគល់ជនសង្ស័យឲ្យតំណាងអយ្យការធ្វើការសាកសួរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post