header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសចិត្តខ្លាំងម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាមន្ត្រីនគរបាលនៅនាយកដ្ឋានធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) គ្រាន់តែម្ដាយដែលជាអ្នកមានគុណខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​តាំងពីក្នុងពោះរហូតកូនបានចូលរៀនសូត្រ មានចំណេះដឹងរហូតក្លាយជាមន្ត្រីរាជការ មាន​បុណ្យស័ក្ដិ​ខ្ពង់់ខ្ពស់​ នៅតែ​ព្រួយបារម្ភ​ពីសុខទុក្ខ​ និងសុវត្ថិភាពកូន ទើបតាមមកហៅកូនប្រុសកុំឲ្យផឹកស៊ី​ស្រវឹងខ្លាំងពេក ដឹងអីបែរជាទាញកាំភ្លើងពីក្នុងរថយន្តបាញ់រះអស់ជាង១០គ្រាប់ ហើយឡើងជិះម៉ូតូរ៉ឺកម៉កកង់បី គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍បាញ់បោះសេរីនេះ កើតឡើងកាលវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ពិភពរាត្រី តាមផ្លូវ១៧៣ ក្រុម៤៧ ស្ថិតនៅភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ជនបង្កបាញ់បោះសេរីឈ្មោះ ឌិន វណ្ណណូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាល ឋានន្តរសក្ដិ​ វរសេនីយ៍ឯក​ (សក្តិ៥) មានតួនាទីជានាយការិយាល័យភស្តុភា នៃអគ្គនាយយកដ្ឋានអត្តសញ្ញាណកម្ម ដកកាំភ្លើងបាញ់ទៅលើរថយន្តម៉ាក Toyota Highlander ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-3913 ចំនួន១០គ្រាប់។

សមត្ថកិច្ច ឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីផ្ទុះអាវុធបាញ់បោះជាច្រើនគ្រាប់ ក្រោយមកក៏បានចុះទៅកន្លែងកើតហេតុ ហើយពេលទៅដល់ក៏ឃើញសភាពការបាញ់បោះមែន និងសាកសួរនាំសាក្សីបុគ្គលិក​ និងម្ចាស់ខារ៉ាអូខេនោះមិនឆ្លើយប្រាប់សមត្ថកិច្ច ហើយចង់លាក់បាំងថែមទៀត ព្រោះបុរសជានគរបាលនេះជាម៉ូយប្រចាំហាងពីភពរាត្រីតែម្ដង ក្រោយមកមានប្រជាពលរដ្ឋលួចខ្សឹប និងចង្អុលថា ម្ចាស់ឡានដកកាំភ្លើងបាញ់ឡានខ្លួនឯងជាច្រើនគ្រាប់ រួចក៏ដើរទៅមើលរថយន្តឃើញស្នាមគ្រាប់កាំភ្លើងបាញ់ធ្លុះប្រហោង១០គ្រាប់ ។

សមត្ថកិច្ចបន្តថា ក្រោយពីចុះត្រួតពិនិត្យកន្លែងកើតហេតុដោយបុរសជានគរបាលនាយការិយាល័យ បានរត់គេចខ្លួនបាត់ដោយសាកសួរនាំសាក្សី ដែលឃើញហេតុ គឺបុរសនគរបាលសង្ស័យខឹងម្ដាយមកតាមដល់កន្លែងផឹកស៊ី​ ខណៈកំពុងតែខឹងខ្លាំងពេក ក៏ដើរចេញពីហាង រួចបើកទ្វារចូលក្នុងរថយន្ត គាប់ជួន​រថយន្តសង្ស័យដេរមិនឆេះទៀត ធ្វើឲ្យទើសទាល់អារម្មណ៍កាន់តែក្ដៅបន្ថែមទៀត ហើយក៏ស្ទុះចេញពីរថយន្តមកក្រៅវិញ ដកកាំភ្លើងបាញ់សំដៅទៅលើរថយន្តរបស់ខ្លួនជាច្រើនគ្រាប់តែម្ដង សំណាងល្អម្ដាយមិនអង្គុយក្នុងរថយន្ត​ជាមួយ បើអង្គុយក្នុងរថយន្តច្បាស់ជាកូនប្រុសស្វាងស្រា និងស្ដាយក្រោយមួយជីវិតមិនខានឡើយ ។ បន្ទាប់មកសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ រួមទាំងលោកអធិការនគរបាលខណ្ឌចំការមន យិន សាន្ត ចុះមកជាមួយគ្នាដែរ ហើយបញ្ជាអោយហៅរថយន្តស្ទួចអូសយករថយន្ត ដែលរងការបាញ់ មករក្សាទុកនៅស្នាក់ការប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ ខណ្ឌចំការមន ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំស្រាវជ្រាវ តាមចាប់ជនបង្កបាញ់បោះសេរី យកមកចាត់ការតាមច្បាប់ ដោយយើងជាអ្នកកាន់ច្បាប់បែរជាបំពានច្បាប់។

ប្រជាពលរដ្ឋតាមរយៈនគរបាលប៉ុស្តិ៍បានស្នើសុំលោក ព្រុំ សំខាន់ គណៈអភិបាលខណ្ឌចំការមន មានចំណាត់ការ​ចំពោះហាងខាងលើនេះ​ ខណៈមានបញ្ហាមិនព្រមរាយការណ៍ រួចព្យាយាមលាក់សភាពការទៀត កន្លងមកហាងពិភពរាត្រីនេះ តែងតែឃើញរថយន្តដែលជារបស់ភ្ញៀវឈប់ចតនៅលើពេញដងផ្លូវសាធារណៈ ធ្វើអោយមានការកកស្ទះចរាចរណ៍រាល់យប់ ហើយគង់តែថ្ងៃណាមានគ្រោះចរាចរណ៍កើតឡើង តើអ្នកណាទទួលខុសត្រូវ? ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post