header ads

Sponsor

រិទ្ធី

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា ចូលជួបសំណេះសំណាល និងជម្រាបបលា ដែលបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកឯកអគ្គរដ្ឋទូត Heidt បានកត់សម្គាល់ថា លោកមានការ​លើកទឹកចិត្តដោយសារជំហាន​វិជ្ជមានក្នុងពេលថ្មីៗ​នេះ ដែលរួម​មានការ​បន្តឡើងវិញ​នូវកិច្ច​សហប្រតិបត្តិការ​ទាក់ទង​នឹងឈ្លើយសឹក និងយុទ្ធជនបាត់​ខ្លួនអាមេរិក ហើយបានលើកទឹកចិត្ត​អោយរដ្ឋាភិបាលកម្ពុជាបន្តកែលំអ​ចំណងទាក់ទងទ្វេភាគី ដែលរួមមានការ​ជំរុញការផ្សះផ្សាជាតិ ការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយ​ដទៃទៀត ហើយបន្ធូបន្ថយការ​រឹតត្បិតលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅចំពោះមុខឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជានោះទេមិនថាប្រទេសណានោះឡើយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបញ្ជាក់ចំណុចនេះទៅកាន់លោកអគ្គរដ្ឋទូត កុំឲ្យសហរដ្ឋអាមេរិកមានការងឿងឆ្ងល់និងព្រួយបារម្មណ៍ចំពោះមូលដ្ឋានទ័ពបរទេសនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងមកកម្ពុជាក៏ធ្វើការជាមួយនឹងបណ្តាប្រទេស ផ្សេងៗរួមទាំងការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន ជាដើម ពិសេសបានធ្វើឡើងលើសពីទ្វេភាគីទៅទៀត ក្នុងគោលដៅដើម្បីក៏សាងជំនឿ និងបទពិសោធន៍ ជាពិសេសឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ។

លោកឯកអគ្គរដ្ឋទូត Heidt បានអរគុណសម្តេច ហ៊ុន សែន ចំពោះការដឹកនាំ​របស់​លោកក្នុងការជំរុញបន្ថែម​​នូវទំនាក់ទំនងប្រកបដោយផ្លែផ្កា រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា និងក្នុងការធ្វើឱ្យមានស្ថាន​ភាពសម្រាប់ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ឆាប់រហ័ស នៅកម្ពុជា។

នៅក្នុងជំនួបនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្ដេចស្វាគមន៍រាល់ការវិនិយោគ ពីបណ្ដាប្រទេសទាំងអស់មិនថាប្រទេសចិន, ជប៉ុន ឬ សហរដ្ឋអាមេរិកជាដើមអាចមកធ្វើការ វិនិយោគនៅកម្ពុជា។ទន្ទឹមនឹងនេះផងដែរសម្តេចតេជោក៏បានបញ្ជាក់ដែរថាសម្ដេចមិនអនុញ្ញាតឲ្យមានឥទ្ធិពលបរទេសនៅលើទឹកដីរបស់កម្ពុជាឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post