header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីរូបស្រស់២នាក់ បើករថយន្ត Prius ទាំងស្ថានភាពស្រវឹងទន់ខ្លួន​ ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតបុកចូលទម្លុះជញ្ជាំងថ្ម ចូលផ្ទះជួសជុលម៉ូតូ បាក់សង្កត់លើរថយន្តខ្ទេច និងម៉ូតូអស់ជាច្រើនគ្រឿង តែសំណាងល្អណាស់ ដែលហេតុការណ៍នេះមិនបណ្តាលឲ្យមានមនុស្សរងរបួសទេ គ្រាន់តែខូចខាតសម្ភារនៅក្នុងផ្ទះតែប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតឡើងនៅវេលាម៉ោង០៨:១៥នាទីយប់ ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចជាប់ឱសថស្ថាន "ពេញចិត្ត" ស្ថិតក្នុងសង្កាត់​ព្រែកលាប​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារ Cam Post​ (ខេមប៉ុស្តិ៍) ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត Prius​ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-4485 បើកបរដោយនារីរូបស្រស់២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងទៀតផង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ 6A ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរេចង្កូតបុកទម្លុះជញ្ជាំងថ្ម ចូលផ្ទះជួសជុលម៉ូតូតែម្តង បណ្ដាលឲ្យបាក់​ជញ្ជាំងថ្ម សង្កត់លើសម្ភារក្នុងផ្ទះខូចខាតអស់មួយចំនួន និងម៉ូតូអស់ជាច្រើនគ្រឿង ចំណែកឯរថយន្តត្រូវជញ្ជាំងថ្មសង្កត់ខ្ទេចស្ទើរទាំងស្រុង តែពិតជាសំណាងល្អមែន ដែលម្ចាស់ផ្ទះមិននៅ ទើបមិនបណ្តាលឲ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ផ្ទះ នាំគ្នារត់មកជួយយក​នារីទាំង២នាក់នោះ ចេញមកខាងក្រៅបានហើយ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឲ្យភាគីខាងម្ចាស់ផ្ទះ​ចរចាជាមួយនារី ដែលជាអ្នកបើកបរ ទើបនាងសុំទាក់ទងទៅកាន់ក្រុមគ្រួសារ​ឲ្យចុះមកជួយដោះស្រាយ ដោយសារតែនារីដែលជាអ្នកបើកបររថយន្តបង្ក​ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាទន់ខ្លួនផងនោះ សមត្ថកិច្ចក៏រាយការណ៍បន្តទៅកាន់សមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែង រួចស្ទូចយករថយន្តបង្កហេតុ​ទៅរក្សាទុក​នៅការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមទាំងអ្នកបើកផងដែរ​ ដើម្បី​វាស់ជាតិអាកុល និងរង់ចាំដោះស្រាយតាមច្បាប់ ។

សូមបញ្ជាក់ អំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខា​លើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ជំពូក និង ៩២មាត្រា​ កាលពីពេលថ្មីៗនេះ ហើយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ អាចពាក់ព័ទ្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​ មាត្រាដូចខាងក្រោម ៖

មាត្រា៧៧ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី 0,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ ៨០០,០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០,០០០ រៀល (បួនលានរៀល)។

សូមបញ្ជាក់ថា​ ផ្អែកតាម រដ្ឋធម្មនុញ្ញ បន្ទាប់ពីព្រះករុណា​ ព្រះមហាក្សត្រ ឡាយព្រះហស្ដលេខា លើច្បាប់ចរាចរណ៍​ថ្មីនេះ បានចូលជាធរមានហើយ ចាប់ពីដើមខែតុលាកន្លងមកនេះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post