header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យ៉ាងហោចណាស់ ពលរដ្ឋខ្មែរ ចំនួន៤នាក់ ដែលបម្រើការឲ្យអង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសម៉ាលី បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលបានសម្លាប់ជនជាតិម៉ាលី២នាក់ និងបង្កឲ្យរងរបួសមនុស្ស១៤នាក់ផ្សេងទៀត។ យ៉ាងណា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះ មិនបានបង្កគ្រោះថ្នាក់ដល់កងកម្លាំងមួកខៀវកម្ពុជា ដែលឈរជើងនៅតំបន់កើតហេតុនោះទេ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានជូនដំណឹងឲ្យដឹងថា នៅវេលាម៉ោង៧៖១២យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោងនៅប្រទេសម៉ាលី ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោងនៅកម្ពុជា មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បង្កឡើងដោយក្រុមភេរវករ បើករថយន្តមួយគ្រឿង ចូលទៅបំផ្ទុះក្នុងទីតាំងស្នាក់នៅរបស់មន្ត្រីអង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។

ប្រភពដដែលនេះ បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានបណ្ដាលឲ្យភេរវករម្នាក់ ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកស្លាប់នៅនឹងកន្លែង និងបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ ព្រមទាំងមានអ្នករបួស១៤នាក់ ក្នុងនោះ ក៏មានពលរដ្ឋខ្មែរ ដែលធ្វើការជាមួយអង្គការសហប្រជាជាតិ ចំនួន៤នាក់ផងដែរ ដោយម្នាក់ រងរបួសធ្ងន់ និង៣នាក់ផ្សេងទៀត របួសស្រាល។ ចំណែកកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែលបំពេញបេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើទេ។

អ្នកនាំពាក្យបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ ជនរងគ្រោះជាជនជាតិខ្មែរ ដែលរបួសធ្ងន់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្រិត២ របស់ចិន នៅក្នុងប្រទេសម៉ាលី។ ចំណែកឯអ្នករបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post